អូស្ត្រាលីប្តេជ្ញាជួយកម្ពុជាឱ្យសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាបន្ន

by | Sep 13, 2023 | ព្រឹត្តិការណ៍ និងព័ត៌មាន

(ភ្នំពេញ)៖ ឯកឧត្តម វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជាបានអញ្ជើញជួបជាមួយ ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពិភាក្សាការងារអំពីអាទិភាព ក៏ដូចជាឱកាសនានាសម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងការធ្វើប្រតិបត្តិការ និងពង្រីកអាជី  វកម្មរបស់ពួកគេឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ស្ថានទូតអូស្រ្តាលីបានបញ្ជាក់ថា តាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយធន់ ឬ The Cambodia Australia Partnership for Resilient Economic Development (CAPRED) ភាគីអូស្ត្រាលីប្តេជ្ញាជួយកម្ពុជាឱ្យសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាបន្ន ជាពិសេសតាមរយៈគម្រោង CAPRED ដែលផ្តោតលើការជំរុញកំណើនសេដ្ឋកិច្ច និងកសាងភាពធន់សម្រាប់វិស័យសហគ្រាសធុនតូច និងមធ្យម ឧស្សាហកម្ម និងវិស័យបច្ចេកវិទ្យារបស់កម្ពុជា។


ជាមួយគ្នានេះ ថវិកា ៨៧លានដុល្លារអូស្ត្រាលីនឹងក៏ត្រូវបានប្រើប្រាស់ក្នុងកម្មវិធីភាពជាដៃគូខាងលើដើម្បីគាំទ្រដល់ប្រទេសកម្ពុជាក្នុងការឈានទៅសម្រេចគោលដៅលើការជំរុញខ្សែសង្វាក់តម្លៃ និងកសាងសមត្ថភាពលើវិស័យកែច្នៃកសិផល និងទាក់ទាញការវិនិយោគ ខណៈដែល រដ្ឋាភិបាលអូស្ត្រាលីបានដាក់ចេញនូវយុទ្ធសាស្ត្រសេដ្ឋកិច្ចថ្មីសម្រាប់តំបន់អាស៊ីអាគ្នេយ៍ដល់ឆ្នាំ២០៤០ នឹងកំណត់ផែនទីបង្ហាញផ្លូវជាក់លាក់ ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមករវាងអូស្ត្រាលីជាមួយបណ្តាប្រទេសក្នុងតំបន់ហើយអូស្ត្រាលីក៏នឹងមានអ្វីៗជាច្រើនដើម្បីផ្តល់ជូនក្នុងនាមជាដៃគូដែលអាចទុកចិត្តសម្រាប់កម្ពុជាផងដែរ។

សូមបញ្ជាក់ថា យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រយៈពេល៣ខែដើមឆ្នាំ២០២៣នេះ បានបង្ហាញថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអូស្រ្តាលី សម្រេចបានជាង១៣៥លានដុល្លារអាម៉េរិកមានការកើនឡើង៧.៥% ក្នុងនោះក្នុងកម្ពុជានាំចេញទៅអូស្រ្តាលីតម្លៃ៩៨លានដុល្លារ កើនឡើង ៦.៧%។ ចំណែកអូស្រ្តាលីនាំចូលកម្ពុជាវិញក្នុងតម្លៃ ៣៧លានដុល្លារអាម៉េរិក កើនឡើង៩.៤%៕