(ចិន)៖ តបតាមការអញ្ជើញរបស់ក្រសួងពាណិជ្ជកម្មចិន ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលរួមពិព័រណ៍អន្តរជាតិចិនសម្រាប់ការវិនិយោគនិងពាណិជ្ជកម្មលើកទី ២៣ ឬ 23rd China International Fair for Investment and Trade (CIFIT 23) ដែលបានប្រព្រឹត្តិទៅនៅទីក្រុង Xiamen ខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៧-៩ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។
ដំណើរទស្សនកិច្ចការងារខាងលើមានគោលបំណង៤សំខាន់គឺ ជំរុញសកម្មភាពវិនិយោគទៅវិញទៅមក, ផ្សព្វផ្សាយពីសក្តានុពលនិងកាលានុវត្តភាពវិនិយោគកម្ពុជា, ចែករម្លែកអំពីបច្ចុប្បន្នភាពច្បាប់ បទប្បញ្ញត្តិ និងគោលនយោបាយ ព្រមទាំងពិភាក្សាអំពីនិន្នាការថ្មីនៃការវិនិយោគក្នុងបរិការណ៍ដែលសកលលោកយើងកំពុងប្រឈម។ ក្នុងដំណើរទស្សនកិច្ចការងារខាងលើ ឯកឧត្តមអគ្គលេខាធិការរងបានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាជំរុញវិនិយោគអន្តរជាតិឆ្នាំ ២០២៣ ដែលបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ និងវេទិកាស្តីពីកិច្ចសហប្រតិបត្តិការភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) លើកទី ៣ ដែលបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣។
គួរបញ្ជាក់ជូនផងដែរថា នៅក្នុងសុន្ទរកថាគន្លឹះ ឯកឧត្តមបានសង្កត់ធ្ងន់ អំពីតួនាទីរបស់ស្ថាប័នទាក់ទាញវិនិយោគរបស់កម្ពុជា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិស្ថានវិនិយោគ និងកិច្ចសម្រួលវិនិយោគតាមរយៈការប្រកាសឱ្យប្រើច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមក៏បានរំលេចផងដែរអំពីយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ ដែលផ្តោតសំខាន់លើការអភិវឌ្ឍមូលធនមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង, ការអភិវឌ្ឍវិស័យឯកជន និងការងារ, ការអភិវឌ្ឍប្រកបដោយភាពធន់, ចីរភាព និងបរិយាបន្ន និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល។
សូមបញ្ជាក់ថា ពិព័រណ៍អន្តរជាតិចិនសម្រាប់ការវិនិយោគនិងពាណិជ្ជកម្មលើកទី ២៣ ឬ 23rd China International Fair for Investment and Trade (CIFIT 23) នាឆ្នាំ២០២៣នេះ មានក្រុមហ៊ុននិងសហគ្រាសចំនួនជាង ១០០០ មកពីប្រទេសជាង ១០០ ចូលរួម៕