(ភ្នំពេញ)´៖ នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រី ចុង ជី ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មអមស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជាបន្ទាប់ពីលោកស្រីទើបមកដល់រាជធានីភ្នំពេញដើម្បីបំពេញការងាររបស់ខ្លួន។
ឯកឧត្តម ជា វុទ្ធី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រីដែលមកបំពេញភារកិច្ចក្នុងតួនាទីដ៏សំខាន់នេះ។ ឯកឧត្តមមានក្តីសង្ឃឹមថាកិច្ចសហប្រតិបត្តិការវិនិយោគកម្ពុជា-ចិន នឹងសម្រេចបានផ្លែផ្កាល្អបន្ថែមទៀត។ ឯកឧត្តមបានសង្កត់ធ្ងន់លើការរួមគ្នាអនុវត្តអនុស្សារណៈយោគយល់គ្នាដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជ- កម្មចិន ដែលបានចុះហត្ថលេខាកន្លងមកដើម្បីបង្កើតយន្តការពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគនិងសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះដែរ លោកស្រី ចុង ជី បានអបអរសាទរយ៉ាងក្លៀវក្លាបំផុតចំពោះជ័យជម្នះជាប្រវត្តិសាស្ត្រក្នុងការបោះឆ្នោតកាលពីខែកក្កដាឆ្នាំ២០២៣កន្លងទៅ ដែលនាំដល់ការបង្កើតរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកស្រីមានជំនឿយ៉ាងមុតមាំចំពោះការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលនឹងជួយឱ្យការអភិវឌ្ឍសេដ្ឋកិច្ចកាន់តែរីកចម្រើនទៅមុខ។
សូមបញ្ជាក់ថា ចំពោះមុខ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមិត្តចិន តាមរយៈគណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់និងក្រសួងពាណិជ្ជកម្ម នឹងចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួន ៦បន្ថែមទៀត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគគ្រប់ជ្រុងជ្រោយដែលមានវិសាលភាពគ្របដណ្តប់លើការជំរុញវិនិយោគក្នុងវិស័យឌីជីថល, ឧស្សាហូបនីយកម្មប្រភេទថ្មី, ការអភិវឌ្ឍបៃតង និងការកសាងរបៀងអភិវឌ្ឍន៍ឧស្សាហកម្ម។ កិច្ចខិតខំប្រឹងប្រែងទាំងនេះគឺដើម្បីរៀបចំថ្នាលផ្តល់កិច្ចសម្រួលវិនិយោគប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលដល់វិនិយោគិន ជាពិសេសវិនិយោគិនចិនតែម្តង។
អនុស្សារណៈយោគយល់គ្នាទាំង ៦ ដែលត្រូវចុះហត្ថលេខានាពេលខាងមុខ គឺជាកាតាលីករដ៏ស័ក្តិសិទ្ធិក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគស្របជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏មោះមុត និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា។ លោកស្រីបានសម្តែងនូវការគាំទ្រចំពោះការប្រឹងប្រែងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា ហើយសន្យាថានឹងខិតខំណែនាំឱ្យវិនិយោគិនចិនធ្វើការឱ្យបានស្អិតរមួតជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា សំដៅបណ្តាក់ទុនវិនិយោគបន្ថែមទៀតលើគ្រប់វិស័យដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព៕