អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ប្តេជ្ញាធ្វើការរួមគ្នាក្នុងភាពជាដៃគូ លើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ

by | May 26, 2023 | ព្រឹត្តិការ ពត៍មាន

ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ — ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានគូសបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា នឹងធ្វើសកម្មភាពរួមគ្នា ក្នុងភាពជាដៃគូ ជំរុញកំណើនវិនិយោគនៅក្នុងស្រុក និងទាក់ទាញវិនិយោគបរទេស ដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ ការថ្លែងគូសបញ្ជាក់របស់ឯកឧត្តមអគ្គលេខាធិការបែបនេះ ក្នុងកិច្ចប្រជុំរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយសមាគមឧកញ៉ាកម្ពុជា នារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣។ឯកឧត្តម សុខ ចិន្តាសោភា បានមានប្រសាសន៍ថា សមាគមឧកញ៉ាកម្ពុជា គឺជាដៃគូថ្មីមួយបន្ថែមទៀត ក្នុងការជួយដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទាក់ទាញវិនិយោគិនបរទេស និងពង្រីកកំណើនវិនិយោគនៅកម្ពុជា។ ឯកឧត្តមបានលើកឡើងថា ការជួបគ្នាជាលើក ដំបូងនេះ ភាគីទាំងពីរបានពិនិត្យទៅលើកិច្ចការ ដែលត្រូវធ្វើជាមួយគ្នា ក្នុងការផ្តើមជំរុញលើកកម្ពស់វិស័យពាណិជ្ជកម្ម និងវិនិយោគ។ ទន្ទឹមនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងរៀបចំនូវសេចក្តីព្រាងអនុស្សរណៈ ដែលមានបញ្ជាក់ពីគោលបំណង នៃកិច្ចសហប្រតិបត្តិការ ដែលភាគីទាំងពីរធ្វើរួមគ្នា ដើម្បីផ្សព្វផ្សាយទាក់ទាញវិនិយោគិន។

ឯកឧត្តមអគ្គលេខាធិការបានបញ្ជាក់ឱ្យដឹងផងដែរថា កន្លងមក CDC បានធ្វើការជាមួយវិស័យឯកជនជាច្រើន ដូចជាសភាពាណិជ្ជកម្មកម្ពុជាជាដើម ប៉ុន្តែកិច្ចការដែលគ្រោងធ្វើជាមួយសមាគមឧកញ៉ាកម្ពុជា នៅពេលខាងមុខ នឹងមិនជាន់គ្នាជាមួយសភាពាណិជ្ជកម្មកម្ពុជានោះទេ ពោលគឺអ្វីដែលត្រូវធ្វើបន្ទាប់ គឺសកម្មភាពមិនដូចគ្នានឹងសភាពាណិជ្ជកម្មឡើយ។

ឯកឧត្តមបានចាត់ទុកថា វត្តមានសមាគមឧកញ៉ាកម្ពុជា មានសារៈសំខាន់ណាស់ ក្នុងការជួយទាក់ទាញវិនិយោគិនបរទេស ព្រោះជាទូទៅអ្នកវិនិយោគពីបរទេស ដែលមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា តែងតែជួបជាមួយស្ថាប័នរដ្ឋ ស្ថានទូតរបស់គេ ប៉ុន្តែក្នុងនោះគេក៏ចង់ជួបជាមួយធុរជនក្នុងស្រុកដែរ ដើម្បីឈ្វេងយល់ ឬសហការគ្នា។

ជាមួយគ្នានេះដែរ ឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា បានលើកឡើងថា តាម ស.ជ.ណ របស់រាជរដ្ឋាភិបាល បានឱ្យដឹងថា សមាគមឧកញ៉ាកម្ពុជា ស្ថិតនៅក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេស របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហេតុនេះបេសកកម្មរបស់សមាគមនេះ នឹងចូលរួមលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។

លោកឧកញ៉ាបានថ្លែងថា៖ «ក្នុងជំនួបនេះ គឺដើម្បីជជែកពិភាក្សាគ្នានៅលើយន្តការ ដែលមានរៀបចំផែនការ ថាតើនៅក្នុងឆ្នាំ២០២៣ យើងនឹងធ្វើអ្វី ហើយឆ្នាំបន្តបន្ទាប់ទៀត យើងនឹងធ្វើអ្វីទៀត ក្នុងគោលបំណង ដើម្បីលើកកម្ពស់ ពាណិជ្ជកម្ម និង           ការវិនិយោគនៅកម្ពុជា»។

 

សូមជម្រាបជូនថា សមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក) ត្រូវបានបង្កើតឡើងជាផ្លូវការ និងចុះបញ្ជីជាសមាគមស្របច្បាប់ ដោយក្រសួងមហាផ្ទៃ តាមរយៈលិខិតលេខ ៥៧៥៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ បច្ចុប្បន្នសមាគមនេះ មានសម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស និងមានអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធានសមាគម។ សមាគមឧកញ៉ាកម្ពុជា ត្រូវបានដឹកនាំ និងតម្រង់ទិសដោយសមាជិកក្រុមប្រឹក្សាភិបាលចំនួន ៣២រូប ដែលមានអាណត្តិ៥ឆ្នាំ ហើយការងារប្រចាំថ្ងៃត្រូវបានអនុវត្តដោយអគ្គលេខាធិការដ្ឋាន ក្រោមការដឹកនាំរបស់អគ្គលេខាធិការ ១រូប។ ចំពោះ អ្នកទទួល បានគោរមងារឧកញ៉ា ឬអ្នកឧកញ៉ា តាមរយៈព្រះរាជក្រឹត្យដែលប្រោសប្រទាន ដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អាចដាក់ពាក្យសុំចូលជាសមាជិក ស.ឧ.ក បានដោយបំពេញនូវលក្ខខណ្ឌ ដែលមានចែងក្នុងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ ស.ឧ.ក៕