អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា រួមទាំង អ្នកឧកញ៉ា ឧកញ៉ា សមាជិកសមាជិកាក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ា បានដឹកនាំគណៈប្រតិភូ អ្នកឧកញ៉ា ឧកញ៉ា ចំនួន១៦រូបដែលតំណាងអោយសប្បុរសជនចំនួន ៩០រូប បាននាំយកបច្ច័យជាថវិការដែលបានពីការកៀរគរតាមរយៈរាជរដ្ឋាភិបាលសរុបចំនួនជាង ២លានដុល្លា ទៅថ្វាយប្រកេនជូន សម្តេចព្រះមហាសង្ឃរាជ បូគ្រី ដើម្បីសាងសង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ។ អ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុងនាមតំណាងអោយសមាគមឧកញ៉ាកម្ពុជា សូមថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា ឧកញ៉ា ដែលជាសប្បុរសជនទាំង ៩០រូប ដែលបានចូលរួមថវិការឧបត្ថម្ភដ៏មានសារៈប្រយោជន៏នេះ និងសូមបួងសួងដល់ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា វត្ថុសក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី បុណ្យបារមីព្រះឥន្ធ ព្រះព្រហ្ម ឫទ្ធិបារមី សូមតាមជួយថែរក្សាប្រោះព្រំសព្វសាធុការពរជ័យចំពោះ អ្នកឧកញ៉ា ឧកញ៉ា និងសប្បុរសជនទាំងអស់កុំបីអាក់ខានឡើយ។ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ជោគជ័យគ្រប់ភារកិច្ច និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។