សាធារណរដ្ឋកូរ៉េ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានសហការជាមួយសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) រៀបចំវេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-សាធារណរដ្ឋកូរ៉េ លើកទី២ ដោយមានអ្នកចូលរួមជាង ២០០នាក់ មកពីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងសមាគមអ្នកនាំចូលកូរ៉េ និងបណ្តាក្រុមហ៊ុន និងពាណិជ្ជករកម្ពុជា និងកូរ៉េ។វេទិកានេះធ្វើឡើងក្នុងគោលបំណងជំរុញ និងលើកកម្ពស់ឱកាសវិនិយោគរវាងកម្ពុជា និងសា.កូរ៉េ តាមរយៈការចែករំលែកព័ត៌មាន បទពិសោធន៍ល្អៗ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការវិនិយោគ ក៏ដូចជាបង្កបរិយាកាសក្នុងការបង្កើតដៃគូថ្មីៗ សម្រាប់អ្នកវិនិយោគនៃប្រទេសទាំងពីរផងដែរ។
លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េបានថ្លែងសុន្ទរកថាបើក ដោយរំលេចអំពីការរក្សាបាននូវទំនាក់ទំនងដ៏ល្អ រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េដែលកើតចេញពីការប្ដេជ្ញាចិត្តរបស់ភាគីទាំងពីរ។ ជាក់ស្ដែង ភាគីទាំងពីរមានយន្ដការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដូចជា៖ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចចម្រុះ កិច្ចព្រមព្រៀងស្ដីពីការមិនយកពន្ធត្រួតស៊ីគ្នា និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ស្របពេលដែលប្រទេសទាំងពីរជាសមាជិកនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សា.កូរ៉េ ដែលយន្តការទាំងអស់នេះ បាន និងកំពុងជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៃប្រទេសទាំងពីរ។ លោកជំទាវ បានបន្ថែមថា យន្ដការផ្នែកច្បាប់ ដូចជា ច្បាប់វិនិយោគថ្មីរបស់កម្ពុជា អនុក្រឹត្យ និងបទដ្ឋានគតិយុត្តិផ្សេងៗរបស់កម្ពុជា បង្កលក្ខណៈអំណោយផល និងបង្កើតឱកាសកាន់តែច្រើនដល់អ្នកវិនិយោគ។
ទន្ទឹមនេះ លោក MARN Ki-jeong អនុប្រធានប្រតិបត្តិនៃសមាគមអ្នកនាំចូលកូរ៉េ បានថ្លែងថា កម្ពុជាគឺជាប្រទេសដែលមានសក្ដានុពល ដោយអាចរក្សាបាននូវកំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងរង្វង់ ៧% ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ ខណៈដែលប្រទេសនេះ ស្ថិតនៅក្នុងភូមិសាស្ដ្រដែលអាចតភ្ជាប់ទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។ នៅក្នុងវេទិកានេះ ក៏មានការធ្វើបទបង្ហាញពីស្ថាប័នពាក់ព័ន្ធផងដែរ អំពីស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា គោលនយោបាយឌីជីថលូបនីយកម្ម និងឧស្សាហូបនីយកម្ម ច្បាប់ការងារ ច្បាប់វិនិយោគ និងកត្តាអំណោយផលនានា ដែលគាំពារ និងគាំទ្រដល់ការវិនិយោគ៕