លទ្ធផលចំនួន ៤សំខាន់ៗ នៃជំនួបរវាងថ្នាក់ដឹកនាំ នៃសមាគមឧកញ៉ាកម្ពុជា និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋអ៊ិស្លាមប៉ាគីស្ថាន

by | Jan 21, 2025 | ព្រឹត្តិការណ៍ និងព័ត៌មាន

ភ្នំពេញ៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាស្តីពីកិច្ចសហប្រតិបត្តការពាណិជ្ជកម្ម និងវិនិយោគ រវាងសមាគមឧកញ៉ាកម្ពុជា និងឯកឧត្តម Jam Kamal Khan រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋអ៊ិស្លាមប៉ាគីស្ថានកាលពីរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ភាគីទាំងពីរបានពិភាក្សានិងផ្លាស់ប្ដូរមតិយោបល់គ្នាលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ដោយក្នុងនោះសម្រេចបានលទ្ធផលដូចជា៖

១) ភាគីទាំងពីរនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ រវាងវិស័យឯកជននៃប្រទេសទាំងពីរ

២) ភាគីទាំងពីរបានព្រមព្រៀងលើការរៀបចំឱ្យមានការចុះអនុស្សរណៈយោគយល់ស្ដីពីការលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងវិស័យឯកជននៃប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងប្រសើរឡើង

៣) ឯកឧត្ដមរដ្ឋមន្ត្រីនឹងពាំនាំផ្សព្វផ្សាយអំពីវិបុលភាព ការអភិវឌ្ឍ បរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជាទៅកាន់សហគមន៍ធុរកិច្ចប៉ាគីស្ថាន និងលើកទឹកចិត្តធុរជនប៉ាគីស្ថានសិក្សាស្វែងយល់ និងវិយោគនៅកម្ពុជា

៤) សមាគមឧកញ៉ាកម្ពុជានឹងពិនិត្យលទ្ធភាពលើការរៀបចំប្រតិភូចូលរួមពិព័រណ៍ ក៏ដូចជា បំពេញទស្សនកិច្ចធុរកិច្ច នៅប៉ាគីស្ថាននាពេលខាងមុខ។

សូមបញ្ជាក់ថា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Jam Kamal Khan រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋអ៊ិស្លាមប៉ាគីស្ថាន បានចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាជាបន្តបន្ទាប់ដោយកាលពីព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យឯកឧត្តម ជែម កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ លុះនាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ចាំ កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព ព្រមទាំងបានបន្តទទួលទានអាហារការងារថ្ងៃត្រង់ជាមួយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។