ប្រតិភូសមាគមឧកញ៉ាកម្ពុជា អមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ក្នុងជំនួបការងារជាមួយក្រុមប្រឹក្សាអាត្លង់ទិក

by | Oct 7, 2024 | ព្រឹត្តិការណ៍ និងព័ត៌មាន

សហរដ្ឋអាម៉េរិក៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាអាត្លង់ទិក (The Atlantic Council of United States) ដឹកនាំដោយលោក Frederick Kempe ប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមប្រឹក្សា ដែលជាអង្គការឯករាជ្យមួយនៅសហរដ្ឋអាម៉េរិកធ្វើការពាក់ព័ន្ធនឹងវិស័យការងារអន្តរជាតិនាព្រឹកថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤ (ម៉ោងនៅក្នុងតំបន់)។

ក្នុងកិច្ចប្រជុំពិភាក្សាការងារនាឱកាសនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមឧត្តមសេនីយ៍ Jim Jones នាយកប្រតិបត្តិនៃក្រុមហ៊ុន Jones Group International, ឯកឧត្តម William Heidt អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជាចន្លោះពីឆ្នាំ២០១៥-២០១៨, ឯកឧត្តម Patrick Murphy អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជាក្នុងឆ្នាំ២០១៩-២០២៤ និងតួអង្គសំខាន់ៗជាច្រើនទៀតផងដែរ។

ក្នុងកិច្ចពិភាក្សានាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសរំលេចអំពីទំនាក់ទំនងទ្វេរភាគីរវាងកម្ពុជាសហរដ្ឋអាម៉េរិក និងកិច្ចខិតខំរបស់គ្រប់ភាគីពាក់ព័ន្ធ មានជាអាទិ៍ក្នុងវិស័យវិនិយោគ បានបន្តឥតដាច់ដើម្បីរក្សាបាននូវកំណើនការវិនិយោគដោយផ្ទាល់ពីសហរដ្ឋអាម៉េរិកមកកម្ពុជា។ ជាថ្មីម្ដងទៀតក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចជូនអង្គពិធីទាំងមូលអំពី កំណើននៃការវិនិយោគឯកជននៅកម្ពុជាក្នុងនីតិកាលទី៧នៃរដ្ឋសភា ដែលកើនឡើងរហូតដល់៧៥% ដែលគិតជាគម្រោងមានចំនួន១៦៨គម្រោង។ កម្ពុជាបានបន្តខិតខំប្រឹងប្រែងក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាមិនត្រឹមតែសម្រាប់បម្រើប្រយោជន៍ពលរដ្ឋដោយផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សម្រួលការដឹកជញ្ជូនរបស់វិនិយោគិនផងដែរ។ គម្រោងនានាមានជាអាទិ៍ដូចជាគម្រោងពង្រីកកំពង់ផែអន្តរជាតិទឹកជ្រៅក្រុងព្រះសីហនុ និងគម្រោងព្រែកជីកជាដើម ដែលសុទ្ធសឹងតែនឹងចូលរួមបង្កើនតម្លៃប្រកួតប្រជែងផ្នែកភស្ដុភារកម្មរបស់កម្ពុជា។ ដោយហេតុថាកម្ពុជាស្ថិតនៅចំកណ្ដាលនៃតំបន់អាស៊ាន មានប្រជាពលរដ្ឋប្រមាណ១៧លាននាក់ ដោយក្នុងនោះប្រជាពលរដ្ឋវ័យក្មេងមានប្រមាណជាង៦០% ច្រើនជាងប្រទេសផ្សេងៗទៀតក្នុងតំបន់។ ចំពោះទីផ្សារ កម្ពុជាភ្ជាប់ទៅកាន់អាស៊ាន មហាអនុតំបន់ទន្លេមេគង្គ និងទីផ្សារនៃប្រទេសជាសមាជិកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ដែលសរុបមានប្រជាជនប្រមាណ ២,៣ពាន់លាននាក់ជាគោលដៅ។

បន្ថែមលើការលើកឡើងដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី លោក Casey Barnet ប្រធានសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា ហើយក៏ជាប្រធាននិងស្ថាបនិកសាលាពាណិជ្ជកម្ម CamEd Cambodia ក៏បានលើកឡើងអំពីភាពវិជ្ជមានក្នុងកិច្ចការងារវិនិយោគឯកជន ដោយហេតុថាកម្ពុជាបានអនុញ្ញាតជូនវិនិយោគិនបរទេសទាំងអស់អាចក្លាយជាម្ចាស់កម្មសិទ្ធទាំងស្រុង១០០% នៃអាជីវកម្មរបស់ខ្លួននៅកម្ពុជា លើកលែងកម្មសិទ្ធដីធ្លី ពិសេសការទទួលបានការលើកទឹកចិត្តទៅតាមគម្រោងវិនិយោគផ្សេងៗ គឺដូចៗគ្នាដល់គ្រប់វិនិយោគិនទាំងកម្ពុជានិងបរទេស។

ជាការឆ្លើយតបលោក Frederick Kempe បានថ្លែងការកោតសរសើរចំពោះកិច្ចខិតខំរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក្នុងដំណើរបេសកកម្មនាឱកាសនេះ។ តាមរយៈអង្គប្រជុំនេះ ភាគីទាំងអស់នឹងខិតខំបន្ថែមទៀតចូលរួមផ្សព្វផ្សាយអំពីសក្ដានុពលជាវិជ្ជមានរបស់កម្ពុជា ដើម្បីពង្រឹងបន្ថែមកិច្ចការងារវិនិយោគផ្ទាល់លើវិស័យមានជាអាទិ៍បច្ចេកវិទ្យាទូរគមនាគមន៍ និងចំណីអាហារជាដើម។

សូមជម្រាបជូនថា ក្រុមប្រឹក្សាអាត្លង់ទិកត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦១ គឺជាអង្គការឯករាជ្យមួយនៅសហរដ្ឋអាម៉េរិកធ្វើការពាក់ព័ន្ធនឹងវិស័យការងារអន្តរជាតិ ជំរុញកិច្ចសហប្រតិបត្តិការឆ្លងកាត់អាត្លង់ទិក ការពារសន្តិសុខអន្តរជាតិ ជាពិសេសជំរុញនិងរក្សាវិបុលភាពសេដ្ឋកិច្ចពិភពលោក៕