ភ្នំពេញ៖ បន្ទាប់ពីទទួលបានការអនុញ្ញាត្តដ៏ខ្ពង់ខ្ពស់ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជាបានដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជារួមមានថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិកចំនួន ៧៣រូបដែលជាសប្បុរសជនបានបរិច្ចាគថវិកាក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមដើម្បីចូលរួមក្នុងកម្មវិធីចូលជួបសម្តែងការគួរសម ប្រគល់ថវិកា និងពិធីសំណេះសំណាលក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
លោកអ្នកឧកញ៉ា លី យ៉ុងផាត់ បានជម្រាបជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អំពីសកម្មភាពការងារនិងសមិទ្ធផលដែលសមាគមឧកញ៉ាកម្ពុជាសម្រេចបាននាពេលកន្លងមកទាំងនៅក្នុងសកម្មភាពធុរកិច្ចក៏ដូចជាការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិដោយបានផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរជាង ៣០ម៉ឺនកន្លែង ព្រមទាំងសកម្មភាពសប្បុរសធម៌ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នមនុស្សធម៌នានាផងដែរ។ ជាក់ស្តែងនៅថ្ងៃនេះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជាបាននាំយកនូវថវិកាចំនួន ១.៥៥៥.៥៥៥ ដុល្លារអាម៉េរិក ប្រគល់ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាថវិកាបានពីការចូលរួមបរិច្ចាគរបស់សមាជិកចំនួន១០០រូបក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ឆ្នាំ២០២៤។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់កិត្តិយសថ្លែងនូវសុន្ទរកថាពោរពេញដោយអត្ថន័យសម្រាប់អង្គពិធីដោយ សម្តេច បានរំលឹកអំពីប្រវត្តិនៃការបង្កើតនិងវឌ្ឍនភាពរបស់កាកបាទក្រហមកម្ពុជា ដែលបានឆ្លងកាត់នូវការលំបាក និងការតស៊ូយ៉ាងច្រើនទម្រាំឈានមកដល់សព្វថ្ងៃនេះ។ សម្តេច បានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជា គឺជាសេនាធិការដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជាលើសកម្មភាពមនុស្សធម៌ និងសង្គមកិច្ច ដែលបានចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយទុក្ខលំបាកនានារបស់ប្រជាពលរដ្ឋក្រីក្រ និងជនរងគ្រោះនានា ដូចជាគ្រោះធម្មជាតិ បញ្ហាសុខភាព ចរាចរណ៍ កង្វះចំណីអាហារ លំនៅឋាន ជាដើមរហូតសហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហមបានប្រគល់ជ័យលាភីឆ្នើមជាងគេជូនដល់កាកបាទក្រហមកម្ពុជា។
សម្តេចប្រធាន បានបន្ថែមថា គិតចាប់ពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្នកាកបាទក្រហមកម្ពុជាទទួលបានជោគជ័យជាបន្តបន្ទាប់មកនេះគឺមិនអាចខ្វះបាននូវការចូលរួមពី លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា យ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ដោយបានបរិច្ចាគនូវធនធាននិងសម្ភារៈជាច្រើនដើម្បីទុកលទ្ធភាពដល់កាកបាទក្រហមកម្ពុជាបំពេញតួនាទីក្នុងការឆ្លើយតបទៅនឹងការខ្វះខាតជាក់ស្តែងនិងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋរងគ្រោះ។
ទន្ទឹមនឹងនេះ សម្តេច ក៏បានមានប្រសាសន៍គំាទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតសមាគមឧកញ៉ាកម្ពុជាដែលមានចក្ខុវិស័យ បេសកកម្ម និងរចនាសម្ព័ន្ធដឹកនាំច្បាស់លាស់ដោយមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស និងកំពុងតែមានភាពរីកចម្រើនជាលំដាប់ព្រមទាំងមានការទទួលស្គាល់ពីស្ថាប័នមានសមត្ថកិច្ចនានានិងថ្នាក់ដឹកនាំកំពូលៗជាច្រើន ជាពិសេសតាមរយៈព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ាហើយបាននិងកំពុងបំពេញតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិដើម្បីរួមចំណែកជំរុញឱ្យព្រះរាជាណាចក្រកម្ពុជាកាន់តែរីកចម្រើនជឿនលឿន។ ក្នុងឱកាសដ៏មានអត្ថន័យសម្រាប់សមាគមឧកញ៉ាកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ដល់ថ្នាក់ដឹកនាំ និងសមាជិកទាំងអស់នៃសមាគមឧកញ៉ាកម្ពុជាចំនួន ៣ចំណុចដូចខាងក្រោម៖
១. សូម លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ទាំងអស់ត្រូវរួបរួមគ្នាជាធ្លុងមួយក្រោមដំបូលសមាគមឧកញ៉ាកម្ពុជាតែមួយក្នុងទិសដៅស្របគ្នាដើម្បីឆ្ពោះទៅកាន់ភាពរីកចម្រើនខ្លួនឯង សមាគម និងសង្គមជាតិទាំងមូល
២. សមាគមឧកញ៉ាកម្ពុជាត្រូវពង្រឹង និងពង្រីកសកម្មភាពរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សមាជិកដោយប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព ឯកភាពគ្នាជាធ្លុងមួយ
៣. សូម លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ទាំងអស់ បន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍជាតិជាពិសេសបន្តចូលរួមក្នុងសកម្មភាពសនុស្សធម៌សម្រាប់ប្រជាពលរដ្ឋក្រីក្រ។
ឆ្លៀតក្នុងឱកាសដ៏ប្រពៃនេះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ក៏បានប្រគល់ជូននូវ “ពានមាសឧកញ៉ា” របស់សមាគមឧកញ៉ាកម្ពុជា ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាកិត្តិយសដ៏ឧត្តុងឧត្តម និងជាការគោរពដឹងគុណដ៏ជ្រាលជ្រៅចំពោះគំរូវីរភាព និងពលិកម្មដ៏មានតម្លៃមិនអាចកាត់ថ្លៃបានដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ក្នុងការដឹកនាំចលនាកាកបាទក្រហមកម្ពុជាឱ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់ជាពិសេសបានលើកកម្ពស់តម្លៃ និងតួនាទីស្ត្រីកម្ពុជាឱ្យមានយល់ដឹងនិងទទួលស្គាល់កាន់តែខ្លាំងក្លាពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ គួររំលឹកផងដែរថា កាលពីឆ្នាំ២០២៣កន្លងមក លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ក៏បានដឹកនាំសមាជិកសមាគមឧកញ៉ាកម្ពុជានាំយកថវិកាប្រគល់ជូនកាកបាទក្រហមកម្ពុជា ចំនួន ១.៣៤៣.០០០ ដុល្លារអាម៉េរិកក្នុងឱកាសខួបទី១៦០ ទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមផងដែរ៕