ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកស្រី Marisa Haruta ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំកម្ពុជា នៅការិយាល័យសមាគមឧកញ៉ាកម្ពុជា ។
កិច្ចប្រជុំនេះបានជជែកពិភាក្សាគ្នាលើកិច្ចសហការក្នុងការរៀបចំសន្និសីទចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងធុរកិច្ចកាបូនក្រេឌីត បច្ចេកវិទ្យាបៃតង និងវិស័យកសិកម្ម ជាពិសេសកិច្ចសហការរៀបចំ “ជំនួបផ្គូផ្គងធុរកិច្ច” រវាងធុរជន/វិនិយោគិនកម្ពុជានិងជប៉ុន នៃស្ថាប័នទាំងពីរ ដែលប្រកបជំនួញក្នុងវិស័យធុរកិច្ចបៃតង ដោយគ្រោងនឹងរៀបចំនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ នាពេលខាងមុខនេះ។
យោងតាមកិច្ចពិភាក្សា ព្រឹត្តិការណ៍ខាងលើនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីថ្នាក់ដឹកនាំរដ្ឋាភិបាល ព្រមទាំងមានការចូលរួមពីស្ថាប័នរដ្ឋ វិស័យឯកជនកម្ពុជានិងជប៉ុន និងភាគីពាក់ព័ន្ធ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីធុរកិច្ចកាបូនក្រេឌីត បច្ចេកវិទ្យាបៃតង និងវិស័យកសិកម្ម និងលើកទឹកចិត្តដល់ធុរជន/វិនិយោគិនចូលរួមក្នុងការធ្វើធុរកិច្ចបៃតងឱ្យកាន់តែច្រើនថែមទៀត។ ក្រៅពីសន្និសីទខាងលើ ក៏នឹងមានការរៀបចំជាការបំពេញទស្សនកិច្ចតាមទីតាំងផ្ទាល់ និងជំនួបផ្គូផ្គងធុរកិច្ច រវាងគណៈប្រតិធុរកិច្ចជប៉ុន និងសមាជិកសមាគមឧកញ៉ាកម្ពុជា ដើម្បីផ្ដល់ឱកាសចាប់ដៃគូសហការវិនិយោគ និងផ្គូផ្គងធុរកិច្ចជាមួយគ្នា។
ជាការឆ្លើយតប អ្នកឧកញ៉ា ហ៊ុន ឡាក់ បានសម្ដែងកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅក្នុងកិច្ចសហការរៀបចំព្រឹត្តិការណ៍ខាងលើ ព្រមទាំងនឹងកៀរគរសមាជិកសមាគមចូលរួមឱ្យបានច្រើនកុះករផងដែរ។ អ្នកឧកញ៉ាមានសុដ្ឋិនិយមខ្ពស់ថា ព្រឹត្តិការណ៍ធុរកិច្ចនេះ នឹងមិនត្រឹមផ្ដល់ឱកាសក្នុងការសហការវិនិយោគរវាងក្រុមហ៊ុនកម្ពុជា-ជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញទំនាក់ទំនង និងសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែសកម្មថែមទៀត៕