ជំនួបសំណេះសំណាល និងពិភាក្សាការងារជាមួយអ្នកតំណាងលោកស្រីនាយកហិរញ្ញិក នៃរតនាគាររដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក

by | 9 月 27, 2024 | ព្រឹត្តិការ ពត៍មាន

សហរដ្ឋអាម៉េរិក៖ កាលពីរសៀលថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ប្រតិភូសមាគមឧកញ៉ាកម្ពុជា បានអមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈប្រតិភូកម្ពុជាចូលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយអ្នកតំណាងលោកស្រីនាយកហិរញ្ញិក នៃរតនាគារនៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក។

ក្នុងជំនួបនាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា ភាពរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធពាសពេញផ្ទៃប្រទេស សក្តានុពលនៃកម្លាំងពលកម្មដែលសុទ្ធសឹងជាយុវជននិងដែលមានចំណេះដឹងភាសាបរទេសអាចប្រើប្រាស់បានសម្រាប់ការទំនាក់ទំនង និងការអនុវត្តកិច្ចការងារផ្សេងៗ។

តាមរយៈជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានសុទិដ្ឋិនិយមថានឹងទទួលបានការគាំទ្រពី រតនាគារនៃរដ្ឋកាលីហ្វ័រញ៉ា ក្នុងការចូលរួមជួយផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយអំពីបរិយាកាសវិនិយោគនៅកម្ពុជា ស្របតាមការតាំងចិត្តដ៏មោះមុតរបស់រាជរដ្ឋភិបាល ដែលមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាសេនាធិការ នឹងសម្របសម្រួលរាល់កិច្ចការងារនានារបស់វិនិយោគិន ដែលមានគម្រោងបណ្ដាក់ទុន និងកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ៕