ប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមសិក្ខាសាលាស្តីពី “បរិយាកាសវិនិយោគនៅកម្ពុជា” ជាមួយវិស័យឯកជនក្នុងក្រុងឡងប៊ិច និងឡូសអែនជែលលេស

by | 9 月 27, 2024 | ព្រឹត្តិការ ពត៍មាន

សហរដ្ឋអាម៉េរិក៖ សិក្ខាសាលាស្តីពី “បរិយាកាសវិនិយោគនៅកម្ពុជា” បង្ហាញជូនអំពីពីវឌ្ឍនភាពថ្មីៗដល់វិស័យឯកជន ដែលមានមូលដ្ឋានក្នុងក្រុងឡងប៊ិច និងក្រុងឡូសអែនជែលលេសកាលពីវេលាថ្ងៃត្រង់ ថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតី និងផ្ដល់សុន្ទរកថាគន្លឹះក្នុងសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា ដែលបានសហការរៀបចំដោយរដ្ឋបាលកំពង់ផែក្រុងឡងប៊ិច (Port of Long Beach) ដើម្បីបង្ហាញជូនអំពីវឌ្ឍនភាពថ្មីៗដល់វិស័យឯកជន ដែលមានមូលដ្ឋានក្នុងក្រុងឡងប៊ិច និងក្រុងឡូសអែនជែលលេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចអំពីសក្តានុពលរបស់ព្រះរាជាណាចក្រកម្ពុជា រួមមាន ស្ថិរភាពនយោបាយ, ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដែលមានលំនឹង, កម្លាំងពលកម្មវ័យក្មេងប្រកបដោយថាមវន្ត, រាជរដ្ឋាភិបាលដែលមានទំនោរគាំទ្រដល់ការរីកលូតលាស់នៃធុរកិច្ចឯកជន, របបវិនិយោគដែលមានភាពទាក់ទាញ និងអនុគ្រោះ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាន និងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពតភ្ជាប់ និងប្រទាក់ក្រឡា។

អង្គសិក្ខាសាលាក៏បានរៀបចំឱ្យមានជាវេទិកាពិភាក្សាផ្លាស់ប្តូរយោបល់ រវាងវិស័យឯកជនរួមមានប្រតិភូសមាគមឧកញ៉ាកម្ពុជាផងដែរដែលបានអមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រីពីកម្ពុជា ជាមួយនឹងធុរជនមានមូលដ្ឋានក្នុងក្រុងឡងប៊ិច និងក្រុងឡូសអែនជែលលេស ដែលបានចូលរួមនាឱកាសនោះ ដោយបានគូសបញ្ជាក់អំពីភាពងាយស្រួលក្នុងការប្រកបអាជីវកម្មនៅកម្ពុជា ពិពិធភាពនៃសកម្មភាពវិនិយោគដែលពោរពេញដោយឱកាស និងការគាំទ្រផ្នែកគោលនយោបាយប្រកបដោយបុរេសកម្ម ពីសំណាក់រាជរដ្ឋាភិបាល។

សូមជម្រាបជូនថា ក្នុងសិក្ខាសាលានេះដែរ ក៏មានការចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន Shun Fat Group តំណាងដោយលោកស្រី Ivy Tran នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន ជាមួយនិងសហព័ន្ធស្រូវអង្ករកម្ពុជា តំណាងដោយ ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអាជីវកម្ម និងលើកកម្ពស់បន្ថែមទៀតលើការនាំចេញស្រូវអង្ករពីកម្ពុជា ទៅកាន់សហរដ្ឋអាម៉េរិក ដែលនេះគឺជាអនុស្សារណៈទី៣ ពាក់ព័ន្ធនឹងវិស័យស្រូវអង្ករ ដែលត្រូវបានចុះអំឡុងពេលបំពេញបេសកកម្មគោះទ្វារវិនិយោគនាឱកាសនេះ៕