ប្រតិភូសមាគមឧកញ៉ាកម្ពុជា ជួបពិភាក្សាការងារ និងផ្គូផ្គងធុរកិច្ចជាមួយគណៈប្រតិភូក្រុមប្រឹក្សាតំបន់ឈូងសមុទ្រ (Bay Area Council – BAC)

by | 9 月 25, 2024 | ព្រឹត្តិការ ពត៍មាន

សាន់ហ្វ្រាន់ស៊ីស្កូ៖ នាវេលាថ្ងៃត្រង់ ថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ អ្នកឧកញ៉ា ហ៊ុន ឡាក់ និងប្រតិភូសមាគមឧកញ៉ាកម្ពុជា បានចូលរួមអមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ និងទទួលទានអាហារថ្ងៃត្រង់ធុរកិច្ច ជាមួយគណៈប្រតិភូក្រុមប្រឹក្សាតំបន់ឈូងសមុទ្រ (Bay Area Council – BAC) ដឹកនាំដោយ លោក Sean Randolph នាយកជាន់ខ្ពស់ វិទ្យាស្ថានសេដ្ឋកិច្ចក្រុមប្រឹក្សាតំបន់ឆ្នេរ នៃសម្ព័ន្ធវិទ្យាសាស្ត្រ និងនវានុវត្តន៍តំបន់ឆ្នេរ និងដោយមានការចូលរួមផងដែរពី លោកស្រី Maryam Muduroglu នាយិកាពិធីការ នៃសាលាក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ដើម្បីបន្តពាំនាំនូវបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជាជូនដល់វិនិយោគិនឯកជនពីក្រុមហ៊ុនធំៗមួយចំនួនដែលកំពុងវិនិយោគក្នុងក្រុងសាន់ហ្វ្រាន់ស៊ីស្កូដោយមានរៀបចំរបៀបវារៈដែលអនុញ្ញាតឱ្យវិស័យឯកជនកម្ពុជាដែលមានសមាសភាពពីសមាគមឧកញ៉ា និងធុរជនអាម៉េរិក បានជួបពិភាក្សាការងារ បង្កើតបណ្តាញទំនាក់ទំនង និងផ្គូផ្គងធុរកិច្ចផងដែរ។

កិច្ចពិភាក្សានាឱកាសនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបង្ហាញជូនវិស័យឯកជនអំពីវឌ្ឍនភាពថ្មីៗនៃសក្ដានុពល និងបរិយាកាសវិនិយោគនៅកម្ពុជា ពិសេសគោលនយោបាយថ្មីៗនានារបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលជារដ្ឋាភិបាលគាំទ្រធុរកិច្ច និងការវិនិយោគឯកជន។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក្នុងនាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល ក៏បានបង្ហាញអំពីការត្រៀមលក្ខណៈរួចរាល់ក្នុងការសម្របសម្រួលរាល់កិច្ចការងារវិនិយោគរបស់វិស័យឯកជននៅកម្ពុជា ដែលនឹងធានាបាននូវបរិយាកាសវិនិយោគ ប្រកបដោយភាពបត់បែន អំណោយផល និងអនុគ្រោះបំផុត។ យ៉ាងណាមិញចំពោះទំនាក់ទំនងទ្វេភាគី តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រុមប្រឹក្សាតំបន់ឈូងសមុទ្រ ភាគីទាំងពីររំពឹងថានឹងអាចពិនិត្យលទ្ធភាព និងឱកាសរួមគ្នាក្នុងបង្កើតកិច្ចសហប្រតិបត្តិការនានា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែល្អប្រសើរពិសេសលើវិស័យដឹកជញ្ជូនតាមផ្លូវសមុទ្រ និងកំពង់ផែ៕