ប្រតិភូសមាគមឧកញ៉ាកម្ពុជា អមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ក្នុងជំនួបពិភាក្សាពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា

by | 9 月 25, 2024 | ព្រឹត្តិការ ពត៍មាន

សហរដ្ឋអាម៉េរិក៖ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ អ្នកឧកញ៉ា ហ៊ុន ឡាក់ និងប្រតិភូសមាគមឧកញ៉ាកម្ពុជា បានចូលរួមអមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបពិភាក្សាលើប្រធានបទ «បច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា» ក្រោមការសម្របសម្រួលពី សភាពាណិជ្ជកម្មទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ដោយមានការចូលរួមពីគណៈប្រតិភូធុរជនមកពីវិស័យពាក់ព័ន្ធ ដឹកនាំដោយលោក Crisostomo G. Ibarra ទីប្រឹក្សាផ្នែកច្បាប់ នៃការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ក្នុងរដ្ឋកាលីហ្វរញ៉ា។

គណៈប្រតិភូកម្ពុជាបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់សភាពាណិជ្ជកម្មទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូដែលជាម្ចាស់ផ្ទះ និងបានជជែកពិភាក្សាផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធន៍លើបច្ចុប្បន្នភាពនៃការធ្វើពាណិជ្ជកម្មទាំងនៅកម្ពុជា និងនៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូផ្ទាល់។

ចំពោះគោលដៅចម្បងនៃជំនួបពិភាក្សានេះ គឺដើម្បីបង្ហាញពីឱកាសនៃការវិនិយោគនៅកម្ពុជា ក៏ដូចជាក្របខ័ណ្ឌគោលនយោបាយវិនិយោគថ្មីៗ វិធីសាស្រ្តគាំទ្រអាជីវកម្ម និងការត្រៀមខ្លួនដើម្បីបម្រើវិនិយោគិនឱ្យបានទាន់ពេលរបស់កម្ពុជា ដែលជាប្រទេសមានទីតាំងយុទ្ធសាស្ត្រ នៅចំកណ្តាលអាស៊ាន។ មួយផ្នែកទៀត គោលដៅនៃជំនួបនេះ សំដៅសម្របសម្រួលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក កាណាដា ជាមួយនិងក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជា ដើម្បីកំណត់អត្តសញ្ញាណដៃគូពាណិជ្ជកម្មដែលមានសក្តានុពល។

ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីសក្តានុពលនានា របស់ព្រះរាជាណាចក្រកម្ពុជា ដោយសង្កត់ធ្ងន់លើសុខសន្តិភាព និងស្ថិរភាពនយោបាយ លំនឹងម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មវ័យក្មេងដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ និងត្រៀមរួចរាល់សម្រាប់បរិវត្តកម្មឌីជីថល ហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាន និងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា។

បន្ថែមពីនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល ដល់ការរីកលូតលាស់នៃវិស័យធុរកិច្ចឯកជន ដោយមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាសេនាធិការច្រកចេញចូលតែមួយក្នុងការសម្របសម្រួល ជាមួយនឹងបែបបទនៃការវិនិយោគដែលមានភាពបត់បែន សំដៅលើកកម្ពស់បរិយាកាសធុរកិច្ចឱ្យកាន់តែមាន ជវភាព ភាពទាក់ទាញ ភាពអំណោយផលខ្ពស់ និងអនុគ្រោះបំផុតសម្រាប់វិនិយោគិនបរទេសផងដែរ៕