ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤ នេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងលោក គួន សំបូរ និពន្ធនាយកសារព័ត៌មាន ស៊ីស៊ីថាមស៍ ភាសាខ្មែរ បានចុះអនុស្សរណៈយោគយល់គ្នារវាងសមាគមឧកញ៉ាកម្ពុជា និង សារព័ត៌មាន ស៊ីស៊ីថាមស៍ (The Cambodia China Times) ក្នុងគោលបំណងផ្សព្វផ្សាយព័ត៌មានពីសមាគមឧកញ៉ាកម្ពុជាដើម្បីរួមចំណែកលើកកម្ពស់ឧត្តមភាពដ៏ឧត្តុង្គឧត្តម នៃគោរមងារឧកញ៉ាក្នុងការចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។
អ្នកឧកញ៉ា ហ៊ុន ឡាក់ បានថ្លែងថា ស្ថាប័នព័ត៌មាន ស៊ីស៊ីថាមស៍ គឺជាព័ត៌មានដែលមានវិជ្ជាជីវៈត្រឹមត្រូវមានសក្តានុពលនៃការផ្សព្វផ្សាយទាំងភាសាខ្មែរ និងភាសាចិនដែលជាតម្រូវការរបស់សមាគមឧកញ៉ាកម្ពុជាក្នុងការជំរុញការផ្សព្វផ្សាយនានា ក្នុងគោលដៅជំរុញការអភិវឌ្ឍន៍ប្រទេសកម្ពុជាតាមគោលបំណងរបស់សមាគមឧកញ៉ាកម្ពុជា។
ជាមួយគ្នានេះ លោក គួន សំបូរ និពន្ធនាយកសារព័ត៌មាន ស៊ីស៊ីថាមស៍ បានថ្លែងអរគុណដល់សមាគមឧកញ៉ាកម្ពុជា ដែលមានជំនឿទុកចិត្តលើស្ថាប័នព័ត៌មាន ស៊ីស៊ីថាមស៍ ។ លោកចាត់ទុក MOU នៅថ្ងៃនេះនឹងជួយឱ្យការផ្សព្វផ្សាយរបស់ព័ត៌មាន ស៊ីស៊ីថាមស៍ កាន់តែមានភាពសំបូរបែប និងស៊ីជម្រៅ ចូលរួមលើកកម្ពស់ឧត្តមភាពដ៏ឧត្តុង្គឧត្តមនៃគោរមងារឧកញ៉ាក្នុងការចូលរួមអភិវឌ្ឍសង្គម។