អ្នកឧកញ៉ា ហ៊ុន ឡាក់ តំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ចូលរួមកិច្ចប្រជុំពេញអង្គលើកទី១ នៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា

by | 7 月 23, 2024 | ព្រឹត្តិការ ពត៍មាន

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចូលរួមកិច្ចប្រជុំពេញអង្គលើកទី១នៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) ក្រោមអធិបតីភាពឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន ក.ផ.ផ. ដែលមានការអញ្ជើញចូលរួមពីតំណាងស្ថាប័នក្រសួងពាក់ព័ន្ធ និងតំណាងវិស័យឯកជននាៗដូចជា សមាគមឧកញ៉ាកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សមាគមនៃវិស័យទេសចរណ៍សមាគមសណ្ឋាគារ តំណាងក្រុមហ៊ុនព្រលានយន្តហោះ ក្រុមហ៊ុន អ៊ែរអេស៊ា ក្រុមហ៊ុន អង្គរអ៊ែរ ព្រមទាំងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីដែលជាសមាជិកនៃក្រុមប្រឹក្សាភិបាល ក.ផ.ផ ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ នៅសណ្ឋាគារ Rosewood ។

គួររំលឹកថា តាមរយៈសេចក្តីសម្រេចលេខ១២៤ សសរ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានតែងតាំងសមាសភាពរបស់ ក.ផ.ផ. ដោយមានការចូលរួមជាសមាជិកពីតំណាងផ្នែករដ្ឋចំនួន ៧ក្រសួង/ស្ថាប័នពាក់ព័ន្ធ ព្រមទាំងផ្នែកឯកជនចំនួន ៧ស្ថាប័នផងដែរ និងមានតួនាទីជាយន្តការស្ថាប័នដែលមានលក្ខណៈអំណោយផល និងបើកទូលាយ ដោយអនុញ្ញាតឱ្យវិស័យឯកជនចូលរួមពេញលេញជាមួយរាជរដ្ឋាភិបាលដោយឈរលើគោលការណ៍ “រួមគិត រួមធ្វើ រួមទទួលខុសត្រូវ” ទាំងលើផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងគំនិតយោបល់ ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ស្របតាមនិន្នាការទេសចរណ៍សាកលលោក និងតំបន់ដែលកំពុងមានការវិវត្តយ៉ាងលឿន ដែលទាមទារឱ្យមានភាពបត់បែនខ្ពស់ ធានាឱ្យបាននូវនិរន្តរភាព បរិយាបន្ន និងភាពធន់នៃវិស័យទេសចរណ៍របស់កម្ពុជា។