ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ សមាគមឧកញ៉ាកម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងសហគមន៍កសិកម្មក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែង ដឹកនាំដោយលោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្ដេច ដោយមានការចូលរួមពីអ្នកជំនាញកសិកម្មជាច្រើនរូបផងដែរ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជម្រាបជូនតំណាងសហគមន៍កសិកម្មអំពីការចុះទស្សនកិច្ចសិក្សារបស់គណៈប្រតិភូធុរកិច្ចជប៉ុននៅតំបន់កសិកម្មស្រុកព្រះស្ដេចនាពេលខាងមុខដើម្បីសិក្សាស្វែងយល់អំពីទីតាំងភូមិសាស្ត្រ ប្រព័ន្ធធារាសាស្ត្រ និងការធ្វើកសិកម្មដំណាំស្រូវនៅក្នុងតំបន់នោះ ក៏ដូចជាលើកទឹកចិត្តប្រជាកសិករឱ្យចូលរួមអនុវត្តកសិកម្មបៃតងដែលជួយទ្រទ្រង់ដល់ក្សេត្របរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសតាមរយៈការអនុវត្តគោលការណ៍ទាំង៦ ដូចជា ១.ការកៀរពង្រាបដីស្រែ, ២.ការប្រើប្រាស់ជី, ៣.ការគ្រប់គ្រងទឹក), ៤.ការដាំដុះដំណាំគម្របដី, ៥.ការប្រើប្រាស់ពូជស្រូវ, និង ៦.ការគ្រប់គ្រងសត្វល្អិត (IPM: Integrated Pest Management) ។ ទន្ទឹមនឹងការអនុវត្តកសិកម្មបៃតងនេះ ប្រជាកសិករមិនត្រឹមតែអាចជួយធ្វើឱ្យគុណភាពដីមានជីវជាតិ និងប្រព័ន្ធអេកូឡូស៊ីមានដង្ហើមឡើងវិញដែលជួយបង្កើនទិន្នផលស្រូវអង្កររបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសសម្រាប់ប្រជាកសិករស្វែងយល់អំពីធុរកិច្ចឥណទានកាបូន និងទទួលបានអត្ថប្រយោជន៍រយៈពេលវែងពីឥណទានកាបូនផងដែរ។
ជាលទ្ធផលនៃកិច្ចប្រជុំ តំណាងសហគមន៍នីមួយៗបានសម្ដែងការស្វាគមន៍ចំពោះការចុះទស្សនកិច្ចខាងលើ និងគាំទ្រក្នុងការអនុវត្តសាកល្បងនូវគម្រោងកសិកម្មបៃតងដើម្បីជាប្រយោជន៍និងលើកកម្ពស់ជីវភាពប្រជាកសិករ ពិសេសប្រែក្លាយតំបន់កសិកម្មស្រុកព្រះស្ដេចក្លាយជាតំបន់កសិកម្មបៃតងគំរូ ដែលផលិត និងទាញផលប្រយោជន៍ពីឥណទានកាបូន។