ភ្នំពេញ៖ នាល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជាបានដឹកនាំប្រតិភូសមាគមឧកញ៉កម្ពុជាចូលរួមក្នុងពិធីពិសាភោជនាហារ នៃវេទិកាធុរកិច្ចបារាំង-កម្ពុជាដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្ថានទូតបារាំង សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា ព្រមទាំងសមាគមឧកញ៉ាកម្ពុជានិងដៃគូសហការដទៃទៀត។ កម្មវិធីនេះមានគោលបំណងផ្ដល់ឱកាសដល់អ្នកចូលរួមទាំងអាចកសាង និងផ្លាស់ប្ដូរទំនាក់ទំនងធុរកិច្ចទៅវិញទៅមកក្នុងបរិយាកាសដ៏ស្និទ្ធស្នាលសម្រាប់កិច្ចសហប្រតិបត្តិការនាពេលបច្ចុប្បន្ន និងអនាគត។
ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ បានថ្លែងនូវសុន្ទរកថាបើកកម្មវិធីដោយបានសម្តែងការចូលរួមអបអរសាទរចំពោះភាពជោគជ័យដ៏ត្រចះត្រចង់នៃ “វេទិកាធុរកិច្ចបារាំង និងកម្ពុជា” ដែលបានប្រព្រឹត្តទៅប្រកបដោយលទ្ធផលផ្លែផ្កាជាវិជ្ជមានកាលពីម្សិលមិញ។
លោកអ្នកឧកញ៉ាប្រធានក៏បានបញ្ជាក់នូវសុទិដ្ឋិនិយមខ្ពស់ថា វេទិកាដ៏មានសារៈសំខាន់នេះនឹងត្រូវបានរៀបចំយ៉ាងទៀងទាត់ជាបន្តបន្ទាប់ដើម្បីជាសារៈប្រយោជន៍ដល់សហគមន៍ធុរកិច្ចបារាំង-កម្ពុជា ពិសេសជំរុញដល់សកម្មភាពពាណិជ្ជកម្មឱ្យកាន់តែសកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ច នៃប្រទេសទាំងពីរ។
ជាងនេះទៅទៀត លោកអ្នកឧកញ៉ា បានមានប្រសាសន៍ថា សមាគមឧកញ៉ាកម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ស្ថាប័នធុរកិច្ចជាតិ និងអន្តរជាតិ ដែលមានចំណាប់អារម្មណ៍ក្នុងកិច្ចសហការលើគំនិតផ្ដួចផ្ដើមណាមួយក្នុងការលើកកម្ពស់ទំនាក់ទំនងធុរកិច្ច និងជំរុញសកម្មភាពពាណិជ្ជកម្ម ជាក់ស្តែងពិធីពិសាភោជនាហារធុរកិច្ចនាថ្ងៃនេះជាដើម។
ឯកឧត្តម Jacque Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានលើកឡើងថា បើទោះបីជាស្ថានភាពវិនិយោគផ្ទាល់ពីបារាំងមកកម្ពុជាមានកម្រិតនៅឡើយប៉ុន្តែក្នុងនាមឯកឧត្តមផ្ទាល់នឹងព្យាយាមបន្ថែមទៀតជំរុញពង្រីកការវិនិយោគដោយផ្ទាល់ពីបារាំងនៅកម្ពុជាឱ្យបានច្រើន។
ព្រមគ្នានេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា បន្ទាប់ពីវេទិកាធុរកិច្ចនេះរួចរាល់ កំណើនវិនិយោគិនបារាំងនៅកម្ពុជានឹងមានការកើនឡើងមួយកម្រិតទៀត។ ជាងនេះទៅទៀត នៅមុនបំណាច់ឆ្នាំ២០២៤នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើដំណើរទៅប្រទេសបារាំងដើម្បីគោះទ្វារទាក់ទាញវិនិយោគិនឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀតផងដែរ។ ឯកឧត្តមបានលើកឡើងបែបនេះនៅក្នុងពិធីពិសាភោជនាហារ នៃវេទិកាធុរកិច្ចបារាំង-កម្ពុជាកាលពីល្ងាចថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០២៤កាលពីពេលថ្មីកន្លងទៅនេះ។
សូមបញ្ជាក់ថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងបារាំងបានកើនឡើងជាលំដាប់ដែលមានទំហំទឹកប្រាក់ ៥១៥,២១ លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៣ និង ២០៦,៤១ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៤នេះ។ ក្រុមហ៊ុនបារាំងជាច្រើនដោយរាប់ចាប់ពីសហគ្រាសពហុជាតិ (MNEs) រហូតដល់សហគ្រាសធុនតូច និងមធ្យម (SMEs) បានបង្កើតមូលដ្ឋាននៅកម្ពុជាដូចជា Vinci, Total Energies, Accor, BRED Bank, និងសហគ្រាសធុនតូច និងមធ្យមជាច្រើនទៀតដែលគ្រប់គ្រងដោយធុរជនបារាំង។ ការវិនិយោគពីបារាំងបានរួមចំណែកដល់ការបង្កើតការងារ ការផ្ទេរជំនាញ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពនៅកម្ពុជា៕