ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជារួមជាមួយលោកស្រី Marisa Haruta ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនប្រចាំកម្ពុជា បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅទីស្តីការក្រសួងបរិស្ថាន។
គោលបំណងនៃជំនួបសម្ដែងការគួរសមនេះគឺដើម្បីជម្រាបជូន ឯកឧត្ដមរដ្ឋមន្ត្រី អំពីកិច្ចសហការរវាងសមាគមឧកញ៉ាកម្ពុជា (COA) អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំកម្ពុជា និងភ្នាក់ងាររុករកលំហអាកាសជប៉ុន (JAXA) ក្នុងការរៀបចំ “សន្និសីទកម្ពុជា-ជប៉ុន ស្ដីពីការលើកកម្ពស់ការយល់ដឹងអំពីធុរកិច្ចឥណទានកាបូនដោយប្រើប្រាស់បច្ចេកវិទ្យាបៃតង និងផ្កាយរណប” ព្រមទាំងស្នើសូមការគាំទ្រក៏ដូចជាគោរពអញ្ជើញឯកឧត្ដមរដ្ឋមន្ត្រីចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាស្វាគមន៍ក្នុងកម្មវិធីខាងលើផងដែរ។
សូមជម្រាបជូនថា សន្និសីទនេះគឺជាព្រឹត្តិការណ៍លើកដំបូងនៅកម្ពុជាដែលនឹងមានការចូលរួមពីវាគ្មិនកម្ពុជា-ជប៉ុនជាអ្នកជំនាញផ្នែកធុរកិច្ច បរិស្ថាន កសិកម្ម ឧស្សាហកម្ម និងបច្ចេកវិទ្យា មកធ្វើការចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងធុរកិច្ចឥណទានកាបូនដោយប្រើប្រាស់បច្ចេកវិទ្យាបៃតង និងផ្កាយរណបដើម្បីជាមូលដ្ឋានសម្រាប់ធុរជនកម្ពុជាចាប់យកឱកាសក្នុងប្រតិបត្តិការអាជីវកម្មថ្មីតាមរយៈការបង្កើត និងលក់ឥណទានកាបូនក្នុងវិស័យធុរកិច្ចបៃតង។
សន្និសីទដ៏មានសារៈសំខាន់នេះនឹងប្រារព្ធធ្វើឡើងនាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នាពេលខាងមុខនេះដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋាភិបាល និងវិស័យឯកជនកម្ពុជា-ជប៉ុន និងភាគីពាក់ព័ន្ធចំនួនសរុបប្រមាណ ៣០០នាក់ដោយនាពេលរសៀលក៏នឹងមានការរៀបចំជំនួបពាណិជ្ជកម្ម និងពិសាភោជនាហារធុរកិច្ចរវាងគណៈប្រតិភូធុរកិច្ចជប៉ុន និងសមាជិកសមាគមឧកញ៉ាកម្ពុជាដើម្បីជាវេទិកាស្វែងយល់អំពីបរិយាកាសធុរកិច្ច និងសក្តានុពលវិនិយោគនៅកម្ពុជា ព្រមទាំងជាឱកាសសម្រាប់ធុរជនកម្ពុជា-ជប៉ុនផ្គូផ្គងដៃគូធុរកិច្ចទៅវិញទៅមកសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតផងដែរ៕