សមាគមឧកញ៉ាកម្ពុជាថ្វាយសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

by | 6 月 14, 2024 | ព្រឹត្តិការ ពត៍មាន

ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមប្រសើរក្រៃលែងនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៨ព្រះវស្សាយាងចូល ៨៩ព្រះវស្សានៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត លោកអ្នកឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាលក៏ដូចជាសមាជិកទាំងអស់ និងបុគ្គលិកគ្រប់ជាន់ថ្នាក់នៃសមាគមឧកញ៉ាកម្ពុជាសូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្តប្រកបដោយមនោសញ្ចេតនាស្វាមីភ័ក្តិសូមក្រាបបង្គំទូលថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការថ្វាយ សម្តេចព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសដ៏បវរថ្លៃថ្លានេះ ទូលព្រះបង្គំ និងខ្ញុំម្ចាស់ទាំងអស់គ្នា សូមថ្វាយនូវព្រះរាជកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតចំពោះព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី ក្នុងការបម្រើឧត្តមប្រយោជន៍ជាតិតាម រយៈព្រះរាជសកម្មភាពមនុស្សធម៌ សង្គមកិច្ច វប្បធម៌ សាសនា ប្រកបដោយទសពិធរាជធម៌ និងព្រះរាជហឫទ័យយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះជីវភាពក៏ដូចជាភាពសុខក្សេមក្សាន្តចម្រុងចម្រើនរបស់ប្រជានុរាស្ត្រខ្មែរ។

ទូលព្រះបង្គំ និងខ្ញុំម្ចាស់ទាំងអស់គ្នា សូមលំឱនកាយបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកក៏ដូចជាទេព្តាថែរក្សាព្រះមហាស្វេតច្ឆត្រព្រមទាំងព្រះបារមីដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រព្រះមហាក្សត្រិយានីខ្មែរគ្រប់ៗព្រះអង្គសូមព្រះមេត្តាតាមថែរក្សាប្រោះព្រំនូវព្រះរាជសព្ទសាធុការពរបវរមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី សូមព្រះអង្គប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាពតរៀងទៅ។

សូមសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ប្រោសព្រះរាជមេត្តាទទួលនូវអភិវន្ទនកិច្ចប្រកបដោយគារវភក្តីដ៏ស្មោះស្ម័គ្របំផុតពីទូលព្រះបង្គំជាខ្ញុំ និងខ្ញុំម្ចាស់ទាំងអស់គ្នា៕