តំណាងសមាគមឧកញ៉ាកម្ពុជាចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា

by | 6 月 12, 2024 | ព្រឹត្តិការ ពត៍មាន

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំ២១២ ទីស្តីការក្រសួងទេសចរណ៍ លោក យឿម ប៉ូរ៉ាន អគ្គលេខាធិការរង តំណាង លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចូលរួមប្រជុំក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ) ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាអំពីលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង ព្រមទាំងពិភាក្សាពីប្រភពធនធានរបស់ ក.ផ.ផ ផងដែរ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសមាជិក ក.ផ.ផ ដែលជាតំណាងក្រសួង-ស្ថាប័នចំនួន១២ រួមមានក្រសួងទេសចរណ៍, មហាផ្ទៃ, ការបរទេស, វប្បធម៌, និងក្រសួងបរិស្ថាន ចំណែកឯតំណាងវិស័យឯកជនរួមមានសមាគមឧកញ៉ាកម្ពុជា, សភាពាណិជ្ជកម្មកម្ពុជា, សហព័ន្ធទេសចរណ៍កម្ពុជា, ព្រលានយន្តហោះអន្តរជាតិភ្នំពេញ, ព្រលានយន្តហោះអន្តរជាតិសៀមរាប, លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងអាកាសចរណ៍អាស៊ី។

កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយផ្តោតជាសំខាន់លើការគាំទ្រក្នុងការបង្កើត និងដំណើរការ ក.ផ.ផ ដែលមានរបៀបវារៈសំខាន់ចំនួន៣គឺ៖

១. ពិភាក្សាលើសេចក្តីព្រាងលក្ខន្តិកៈក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ)

២. ពិភាក្សាលើសេចក្តីព្រាងបទបញ្ជាផ្ទៃក្នុង ក.ផ.ផ

៣. ប្រភពធនធានទ្រទ្រង់ដល់ដំណើរការនៃការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក.ផ.ផ

ជាកិច្ចចាប់ផ្តើម អង្គប្រជុំទាំងមូលបានស្តាប់នូវបទបង្ហាញរបស់ក្រុមការងារបច្ចេកទេសអំពីវឌ្ឍនភាពទូទៅរបស់ ក.ផ.ផ និងការស្នើសុំផ្តល់ធាតុចូលលើឯកសារទាំង៣ខាងលើ។ ដោយមានការអនុញ្ញាតពី ឯកឧត្តមប្រធានអង្គប្រជុំ សមាជិកអង្គប្រជុំទាំងមូលបានពិភាក្សា និងផ្តល់ធាតុចូលលើរបៀបវារៈខាងលើយ៉ាងផុសផុលដើម្បីធ្វើឱ្យឯកសារទាំងនោះក្លាយជាឯកសារគតិយុត្តមួយដ៏សំខាន់ក្នុងការអនុវត្តនាពេលខាងមុខ។

ដោយសាររបៀបវារៈទាំងអស់បានពិភាក្សា និងផ្តល់ធាតុចូលរួច, កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង ១៣:៣០នាទីរសៀលកាលបរិច្ឆេទដដែលក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល៕