អេស្ប៉ាញ៖ នាព្រឹកថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ប្រតិភូសមាគមឧកញ៉ាកម្ពុជាបានបន្តចូលរួមអមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីបំពេញទស្សនកិច្ចមជ្ឈមណ្ឌលកណ្ដាលរបស់ក្រុមហ៊ុន INSUD PHARMA ដែលជាក្រុមហ៊ុនឱសថល្បីល្បាញមួយរបស់អេស្ប៉ាញ។
ក្នុងឱកាសនោះដែរ គណៈប្រតិភូកម្ពុជាទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក Lucas Sigman នាយកប្រតិបត្តិក្រុមហ៊ុន INSUD PHARMA ដោយលោកបានធ្វើបទបង្ហាញអំពីសកម្មភាពរបស់ក្រុមហ៊ុនដែលមានជំនាញក្នុងការស្រាវជ្រាវ ការអភិវឌ្ឍ និងការផលិតថ្នាំដែលមានគុណភាពខ្ពស់ហើយបច្ចុប្បន្នក្រុមហ៊ុននេះមានប្រតិបត្តិការនៅប្រមាណជាង ៤០ប្រទេសរួចមកហើយ។
តាមរយៈបទបង្ហាញ និងជំនួបពិភាក្សាការងារបន្ទាប់ពីទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា ក្រុមហ៊ុន INSUD PHARMA មានភាពប៉ិនប្រសព្វខាងផ្នែកជំងឺទូទៅជំងឺមហារីក និងបច្ចេកវិទ្យាជីវសាស្រ្តក៏បានបង្ហើបអំពីគម្រោងដែលក្រុមហ៊ុនគ្រោងនឹងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតទៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរក្នុងគោលដៅជំរុញការច្នៃប្រឌិតដើម្បីកែលម្អសុខភាពអ្នកជំងឺទូទាំងពិភពលោក៕