គម្រោងព្រែកជីកហ្វូណនតេជោនឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅខែសីហាខាងមុខនេះ

by | 5 月 30, 2024 | ព្រឹត្តិការ ពត៍មាន

កំពង់ស្ពឺ៖ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៃមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាស្ថិតក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ»​ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា គម្រោងព្រែកជីកហ្វូណនតេជោតម្លៃ១៧០០លានដុល្លារសហរដ្ឋអាម៉េរិកនឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅខែសីហាខាងមុខនេះដោយសម្តេចបានបញ្ជាក់ថា៖ «ការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនឹងបើកការដ្ឋានសាងសង់នៅខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដោយយើងមិនទុកឱ្យយប់យន់សុបិនច្រើនទេព្រោះស្រមៃច្រើនពេកចង់ឱ្យឈប់ស្រមៃទាល់តែធ្វើតែម្ដង»។

​សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោមានប្រវែងសរុប១៨០គីឡូម៉ែត្រតភ្ជាប់ពីទន្លេមេគង្គទៅកាន់សមុទ្រ ពោលគឺចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែបដោយព្រែកជីកនេះសាងសង់ឡើងតាមដានព្រែកចាស់ដែលធ្លាប់ជីកាលពីអតីតកាលកាត់ខេត្តចំនួន៤ គឺខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកំពត ខេត្តកែប។

ព្រែកជីកហ្វូណនតេជោមានទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ ដែលទំហំ និងជម្រៅនេះអនុញ្ញាតឱ្យនាវាដឹកបានចំនួន៤០០០តោននៅរដូវវស្សា និង៣០០០តោននៅរដូវប្រាំង។  ចំពោះហេដ្ឋារចនាសម្ព័ន្ធនៃព្រែកជីកនេះគឺមានសន្ទះផ្លូវនាវាចរណ៍ ៣កន្លែង ស្ពាន ១១កន្លែង ផ្លូវអមសងខាងប្រវែងសរុបប្រមាណ ២០៨គីឡូម៉ែត្រគ្រោងសាងសង់ប្រើប្រាស់ពេលវេលា០៤ឆ្នាំដើម្បីសាងសង់។

ក្រោយការសាងសង់រួចព្រែកជីកហ្វូណនតេជោ​នឹងផ្ដល់ជាប្រយោជន៍​ដល់ការដឹកជញ្ជូនដូចជាកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និង មជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូល សេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ការជំរុញការអភិវឌ្ឍទីក្រុង នគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ ព្រមទាំងផ្ដល់ជាប្រយោជន៍ដល់ពលរដ្ឋរស់នៅជាប់ដងព្រែកជីកប្រមាណ១ លាន៦សែននាក់ តាមរយៈការធ្វើកសិកម្ម ដូចជាការធ្វើស្រែ១ឆ្នាំបានពី២ទៅ៣ដង​ ការចិញ្ចឹមត្រី បង្កង បង្កើនទិន្នផល​ត្រីដែលអនុញ្ញាតឱ្យប្រជានេសាទអាចនេសាទបាន និងប្រើប្រាស់ព្រែកជីកនេះដើម្បីជួយរំដោះទឹកជំនន់ក្នុងខេត្តកណ្ដាល ខេត្តតាកែវ ដែលធ្លាប់តែជនលិចលង់ខ្លាំងតាមរយៈការបង្ហូរទឹកតាមប្រព័ន្ធបង្ហូរទឹកចូលក្នុងព្រែកជីក និងបង្ហូរទឹកចេញមកវិញនៅរដូវប្រាំង៕