ភ្នំពេញ៖ នៅល្ងាច ថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទrសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា ដែលធ្វើឡើងនៅសណ្ឋាគារហ្គាដិនស៊ីធី។ ក្នុងពិធី “ពិសាអាហារសាមគ្គី មហាគ្រួសារឧកញ៉ាកម្ពុជា” ដើម្បីអបអរសាទរ សន្និបាត លើកទី១ ឆ្នាំ២០២៣ និងទិសដៅផែនការ ឆ្នាំ២០២៤ របស់សមាគមឧកញ៉ាកម្ពុជាដែលមានអ្នកចូលរួមជាង៦០០រូប។
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងនាមជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា សម្ដេចសូមបង្ហាញការអបអរសាទរ និងកោតសរសើរចំពោះការរៀបចំទាំងឡាយរបស់សមាគមឧកញ៉ាកម្ពុជាទាំងលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង ព្រមទាំងកិច្ចការពាក់ព័ន្ធរបស់សមាគមឧកញ៉ា និងការរៀបរយនូវឯកសណ្ឋានប្រកបដោយកិត្តិយសក្តិសមជាសមាគមមួយដែលបានចូលរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលដើម្បីការអភិវឌ្ឍន៍ប្រទេសជាតិ។ សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ទៀតថា សម្ដេចតែងតែចាត់ទុកថា វិស័យឯកជនគឺជាក្បាលរថភ្លើងក្នុងការចូលរួមកសាងកំណើនសេដ្ឋកិច្ចជាតិ ខណៈដែលរដ្ឋាភិបាលគឺជាសេដ្ឋវិទូក្នុងការដឹកនាំប្រទេសជាតិ។
សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ចាប់តាំងពីយុទ្ធសាស្រ្ដចតុកោណ រហូតដល់បញ្ចកោណដំណាក់កាលទី១ គឺបានរក្សានូវកំណើន ការងារសមធម៌ ប្រសិទ្ធភាព និងចីរភាពនៅកម្ពុជា និងកំពុងដើរតួនាទីពីរសំខាន់ ជំរុញកំណើនសេដ្ឋកិច្ច តាមរយៈតួនាទីរបស់វិស័យឯកជននេះឯង។ សម្ដេចតេជោថ្លែង ថាសេដ្ឋកិច្ចមានការលូតលាស់ គឺត្រូវជំរុញដោយអ្នកដែលមានទុនវិនិយោគ, ទី២ គឺជាអ្វីដែលអ្នកវិនិយោគកំពុងដោះស្រាយការងាររាប់ពាន់កន្លែងនៅក្នុងប្រទេសកម្ពុជា។
សម្ដេចតេជោបន្តទៀតថា ការវិនិយោគរបស់វិស័យឯកជន បានផ្ដល់ឱកាសការងាររាប់សែនកន្លែងដល់ពលរដ្ឋនៅក្នុ ងប្រទេស។ សម្ដេចបានបញ្ជាក់ជាថ្មីនៅថ្ងៃទី២៦ មេសា ឆ្នាំ២០២៤នេះ ថា សម្ដេចមិនកាន់តំណែងក្នុងនីតិប្រតិបត្តិដូចនាយករដ្ឋមន្ត្រីនោះទេ ប៉ុន្តែសម្ដេច គឺជាឪពុកនាយករដ្ឋមន្ត្រី។ សម្តេចតេជោបានថ្លែងអះអាងថា ពេលដែលរដ្ឋជួបប្រធានស័ក្តិម្តងៗ ដូចជាករណីគ្រោះទឹកជំនន់ បញ្ហានៃការរីករាលដាលនូវជំងឺកូវីដ១៩ក្តី គឺតែងតែលេចមុខអ្នកឧកញ៉ា លោកឧកញ៉ា និងក្រុមអ្នកមានធនធានគ្រប់ពេលវេលា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលនាពេលកន្លងមក។ សម្ដេចតេជោបានមានប្រសាសន៍រំលឹកថា មានថវិកាប្រមាណពីររយលានដុល្លារដែលសប្បុរសជនជាឧកញ៉ា និងអ្នកឧកញ៉ានៅកម្ពុជាបានជួយនៅអំឡុងវិបត្តិកូវីដ ដើម្បីទិញវ៉ាក់សាំង និងទិញមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ នៅអំឡុងពេលប្រឈមខ្លាំង ខណៈប្រទេសផ្សេងៗជាច្រើនទទួលបានថវិកាតិចតួចប៉ុណ្ណោះពីសប្បុរសជននៅក្នុងប្រទេសខ្លួន៕