ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា រួមទាំងថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល បានទទួលស្វាគមន៍ ឯកឧត្ដម Jacques Pellet ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នាទីស្នាក់ការសមាគមឧកញ៉ាកម្ពុជានៅសណ្ឋាគារភ្នំពេញក្នុងជំនួបពិភាក្សាស្តីពីការរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំង។
ជាកិច្ចចាប់ផ្តើម អ្នកឧកញ៉ា លី យ៉ុងផាត់ បានថ្លែងមតិស្វាគមន៍ និងថ្លែងអំណរគុណចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត ព្រមទាំងសហការីដែលបានចូលរួមក្នុងជំនួបដ៏មានសារៈសំខាន់នេះដើម្បីពិភាក្សាលម្អិតលើរបៀបវារៈដែលបានស្នើឡើងជាពិសេសកិច្ចសហការក្នុងការរៀបចំវេទិកាកម្ពុជា-បារាំងនាពេលខាងមុខនេះតែម្តង។ ជាកិច្ចបន្ត អ្នកឧកញ៉ា ហ៊ុន ឡាក់ បានធ្វើបទបង្ហាញសង្ខេបអំពីប្រវត្តិសមាគម តួនាទី និងភារកិច្ចស្នូលសំខាន់ៗនៃសមាគមឧកញ៉ាកម្ពុជា ជូនដល់ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការីបានជ្រាប។ បន្ទាប់មក អ្នកឧកញ៉ាប្រធាន បានផ្តល់វេទិកាជូនដល់អង្គប្រជុំទាំងមូលដើម្បីពិភាក្សា និងផ្តល់ធាតុចូលឱ្យបានស៊ីជម្រៅទៅតាមរបៀបវារៈនីមួយៗ។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណ និងកោតសរសើរអ្នកឧកញ៉ាប្រធានក៏ដូចជាថ្នាក់ដឹកនាំសមាគមឧកញ៉ាកម្ពុជាដែលបានរៀបចំឱ្យមានជំនួបដ៏សំខាន់នៅនេះ ជាពិសេស ឯកឧត្តមបានបង្ហាញពីសុទិដ្ឋិនិយមក្នុងកិច្ចសហការគ្នារវាងសមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មបារាំងប្រចាំនៅកម្ពុជាដើម្បីរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងតាមរយៈការជួយគាំទ្រពីស្ថានទូតផ្ទាល់ដោយនឹងចាប់ផ្តើមការងារបន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃនេះតទៅ។
សូមបញ្ជាក់ថា អង្គប្រជុំទាំងមូលបានជជែកពិភាក្សា និងផ្តល់ធាតុចូលលើខ្លឹមសារនៃរបៀបវារៈទាំងនោះយ៉ាងផុសផុលប្រកបដោយឆន្ទៈមោះមុតជាពិសេសភាគីទាំងសងខាងបានលើកនិងទទួលយកនូវសំណើទាំងអស់ដើម្បីធ្វើយ៉ាងណាជំរុញឱ្យកិច្ចប្រជុំនៅថ្ងៃនេះទទួលបានលទ្ធផលផ្លែផ្កា និងបង្កើតឱ្យមានយន្តការក្រុមការងារសម្រាប់រៀបចំការងារបន្តទៀត។
ក្រោយពីបានបញ្ចប់អង្គប្រជុំដោយជោគជ័យ អ្នកឧកញ៉ាលី យ៉ុងផាត់ បានអញ្ជើញសមាជិកអង្គប្រជុំទាំងអស់ទទួលទានអាហារពេលល្ងាចផងដែរក្រោមបរិយាកាសរីករាយ និងស្និទស្នាលបំផុត។