ម៉ាឡេស៊ី៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម Abdul Rasheed Ghaffour ទេសាភិបាល ធនាគារកណ្តាលម៉ាឡេស៊ី បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពី កិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ នៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។
ពិធីចុះហត្ថលេខានេះរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី នៅក្នុងកិច្ចប្រជុំទ្វេភាគី អំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៤។
តាមរយៈអនុស្សរណៈយោគយល់នេះនឹងផ្តល់នូវភាពងាយស្រួលដល់ពលរដ្ឋម៉ាឡេស៊ី អាចទូទាត់ប្រាក់របស់ខ្លួនដោយគ្រាន់តែស្កេនឃ្យូអរកូតរបស់អាជីវករណាមួយកម្ពុជា។ រីឯពលរដ្ឋកម្ពុជាក៏អាចទូទាត់តាមរយៈការស្កេនឃ្យូអរកូតនៅម៉ាឡេស៊ីទៅវិញទៅមក បានផងដែរ ដោយប្រើប្រាស់រូបិយវត្ថុក្នុងស្រុក (ប្រាក់រៀល) សម្រាប់ការទូទាត់។ អនុស្សារណៈយោគយល់ដែលត្រូវបានចុះហត្ថលេខានៅចំពោះមុខប្រមុខរដ្ឋាភិបាលទាំងពីរ នឹងជួយសម្រួលដល់សកម្មភាពពាណិជ្ជកម្ម និងវិស័យទេសចរណ៍របស់ប្រទេសទាំងពីរ ព្រមទាំងជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់។ ជាមួយគ្នានេះ វានឹងផ្តល់អត្ថប្រយោជន៍ដល់ពាណិជ្ជករទូទាត់រាយនៃប្រទេសទាំងពីរដែលទទួលយកការទូទាត់តាមស្កេនឃ្យូអរកូតមានប្រមាណ៥លានទីតាំងរាប់បញ្ចូលទាំងអាជីវកម្មខ្នាតតូចដោយកិច្ចសហការនេះនឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងធនាគារកណ្តាលម៉ាឡេស៊ី និងធនាគារជាតិនៃកម្ពុជាក្នុងបុព្វហេតុផលប្រយោជន៍របស់ពលរដ្ឋ និងធុរជននៃប្រទេសទាំងពីរ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាកំពុងអនុវត្តការទូទាត់សងប្រាក់តាមប្រព័ន្ធឌីជីថលជាមួយថៃ វៀតណាម ឡាវ និងជាមួយក្រុមហ៊ុន Union Pay International របស់ប្រទេសចិនផងដែរដោយធនាគារជាតិនៃកម្ពុជានឹងពង្រីកកិច្ចសហប្រតិបតិ្តការនៃប្រព័ន្ធទូទាត់សងប្រាក់តាមប្រព័ន្ធឌីជីថលនេះជាមួយប្រទេសដៃគូពាក់ព័ន្ធផ្សេងទៀតក្នុងនោះមាន ឥណ្ឌា(ក្រុមហ៊ុន PNCI) ចិន (ក្រុមហ៊ុនAlipay)ជប៉ុន សិង្ហបុរី ហ្វីជី កោះសូឡូម៉ុន និងរវ៉ាន់ដា ជាដើម៕