ភ្នំពេញ៖ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ អ្នកឧកញ៉ា លី ហួរ អនុប្រធានសមាគមឧកញ៉ាកម្ពុជា តំណាង អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជាបានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាពិភាក្សាកិច្ចការធុរកិច្ចជាមួយឯកឧត្តមឧត្តមសេនីយ៍ ជែមស៍ ចូនស៍ (General James L. Jones) នាយកប្រតិបត្តិនៃក្រុមហ៊ុន Jones Group International នៅសណ្ឋាគារ Hyatt Regency ខណៈដែលឯកឧត្តមបានដឹកនាំក្រុមការងារជំនាញលើការងារផ្តល់ប្រឹក្សាយោបល់មួយក្រុមមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងការវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា និងអាម៉េរិកព្រមទាំងសិក្សាអំពីសក្តានុពលសេដ្ឋកិច្ចនិងបរិយាកាសវិនិយោគតាមរយៈជំនួបជាបន្តបន្ទាប់ជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក៏ដូចជាតំណាងសមាគមឧកញ៉ាកម្ពុជា និងតំណាងវិស័យឯកជនដទៃទៀតផងដែរ ជាពិសេសការពិភាក្សាទៅលើការបង្កើតយន្តការដើម្បីរៀបចំឱ្យមានជំនួបធុរកិច្ចរវាងធុរជនអាម៉េរិក និងកម្ពុជា។
ក្នុងឱកាសនោះអ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពូជា បានជម្រាបជូនឯកឧត្តមឧត្តមសេនីយ៍នូវសាវតាព្រមជាមួយនឹងចក្ខុវិស័យ និងបេសកកម្មរបស់សមាគមឧកញ៉ាកម្ពុជាដោយបានបង្ហាញពីកិច្ចការ និងសមិទ្ធផលសំខាន់ៗដែលសមាគមបាននិងកំពុងអនុវត្តយ៉ាងសកម្មក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងភាពជាដៃគូមួយដ៏មានសក្តានុពល ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម និងការទាក់ទាញវិនិយោគិនមកកាន់ប្រទេសកម្ពុជា ជាមួយគ្នានេះផងដែរ អ្នកឧកញ៉ា ក៏បានបង្ហាញនូវសុទិដ្ឋិនិយមថា កិច្ចប្រជុំនេះនឹងនាំឱ្យមានការបើកផ្លូវ និងការសន្ទានាសម្រាប់ការភ្ជាប់ទំនាក់ទំនងការទូតសេដ្ឋកិច្ចរវាងធុរជនដែលជាសមាជិកសមាគមឧកញ៉ាកម្ពុជានិងស្ថាប័នដទៃទៀត ជាមួយនឹងធុរជនអាម៉េរិក។ ទន្ទឹមនឹងនេះដែរ សមាគមឧកញ៉ាកម្ពុជាបានស្នើសុំឱ្យមានការពិភាក្សាបន្ថែមទៀតដើម្បីភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរដើម្បីបង្កើតឱ្យមានវេទិកាផ្គូផ្គងពាណិជ្ជកម្មនាពេលខាងមុខ។
សូមជម្រាបថា ឧត្តមសេនីយ៍ ជែមស៍ ចូនស៍ គឺជាអតីតមេបញ្ជាការកងម៉ារីនសហរដ្ឋអាម៉េរិកចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៣, ជាមេបញ្ជាការកំពូលនៃកងកម្លាំងសម្ព័ន្ធមិត្តអឺរ៉ុប នៅអង្គការ NATO ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៧, ជាមេបញ្ជាការនៃបញ្ជាការដ្ឋានកិច្ចការអឺរ៉ុប និងអាហ្វ្រិករបស់សហរដ្ឋអាម៉េរិក (US European and African Command) នៅប្រទេសអាឡឺម៉ង់ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៧, ប្រេសិតពិសេសនៃក្រសួងការបរទេសអាមេរិកទទួលបន្ទុកកិច្ចការសន្តិសុខតំបន់មជ្ឈិមបូព៌ាចាប់ពី២០០៧ ដល់ឆ្នាំ២០០៨, និងជាទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិកចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១០។ លោកបានក្លាយជាអ្នកតស៊ូមតិប្រកបដោយបរិយាប័ន្នសម្រាប់វិស័យឯកជនក្នុងបញ្ហាសន្តិសុខជាតិ និងគោលនយោបាយការបរទេស, លើកទឹកចិត្តបង្កើនកិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន, និងមានឆន្ទៈក្នុងការរក្សាភាពជាអ្នកដឹកនាំសកលរបស់សហរដ្ឋអាម៉េរិកក្នុងសតវត្សរ៍ពោរពេញទៅដោយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន៕