ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជាមួយទីភ្នាក់ងារជំរុញវិនិយោគ និងពាណិជ្ជកម្មកូរ៉េ (KOTRA) តំណាងដោយ លោក Hacheong Yun អគ្គនាយក KOTRA ភ្នំពេញ ក្នុងគោលបំណងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការចំពោះមុខពាក់ព័ន្ធនឹងសកម្មភាពជំរុញ និងទាក់ទាញវិនិយោគមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
មានមតិក្នុងជំនួបខាងលើ ឯកឧត្តមបានរំលឹកឡើងវិញអំពីអត្ថិភាពនៃតុវិនិយោគកូរ៉េ (Korea Desk) ដែលជាមរតកដ៏មានតម្លៃនៃកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េពាក់ព័ន្ធនឹងកិច្ចការវិនិយោគឯកជន។ បន្ថែមពីនេះ ឯកឧត្តមក៏បានថ្លែងអំណរគុណជូនចំពោះភាគីមិត្តដែលមានបំណងរៀបចំវេទិកាជំរុញ និងទាក់ទាញវិនិយោគមកកាន់កម្ពុជានាពេលដ៏ខ្លីខាងមុខ សំដៅបញ្ជ្រាបការឈ្វេងយល់ដល់ធុរជន និងវិនិយោគិនកូរ៉េអំពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមមានសុទិដ្ឋិនិយមថាវេទិកានាពេលខាងមុខនឹងពាំនាំមកនូវផ្លែផ្កាវិជ្ជមានសម្រាប់រុញច្រានរំហូរវិនិយោគពីកូរ៉េមកកាន់កម្ពុជាឱ្យកាន់តែមានកំណើនគួរឱ្យកត់សម្គាល់។
ជាការឆ្លើយតប សមភាគីបានសម្តែងនូវការពេញចិត្តជូនចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលជានិច្ចកាលតែងតែផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំសកម្មភាពគាំទ្រនានា។ ក្នុងស្មារតីនេះ សមភាគីបានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថាផែនការសកម្មភាពជំរុញ និងទាក់ទាញវិនិយោគនឹងសម្រេចជោគជ័យតាមការគ្រោងទុក។