ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ១០កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឬទ័យ ព្រះបរមរាជានុញ្ញាតដល់ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជាដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាចំនួន ២០០រូបចូលក្រាបថ្វាយបង្គំគាល់នាព្រះរាជដំណាក់សិរីមង្គលនៃព្រះបរមរាជវាំង។
មុននឹងប្រោសព្រះរាជទាននូវព្រះរាជសវនាការដ៏វិសេសវិសាលនេះ ព្រះអង្គទាំងទ្វេ បានប្រោសព្រះរាជទាន អ្នកឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ ព្រមទាំង អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជា អញ្ជើញចូលក្រាបថ្វាយបង្គំ និងថ្វាយគ្រឿងសក្ការៈបូជាថ្វាយព្រះបរមរូប ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នាបរិវេណខាងមុខព្រះរាជដំណាក់គន្ធបុប្ផា។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយមហាកិត្តិយសនេះ អ្នកឧកញ៉ា លី យ៉ុងផាត់ បានទូលថ្វាយនូវសកម្មភាពជាច្រើននាពេលកន្លងមករបស់សមាគមឧកញ៉ាកម្ពុជាទាំងលើវិស័យសង្គមកិច្ច អប់រំ មនុស្សធម៌ សុខាភិបាល និងផ្នែកពុទ្ធចក្រ ព្រមទាំងការជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគស្របទៅតាមចក្ខុវិស័យ និងបេសកកម្មរបស់សមាគមដែលមានការទទួលស្គាល់ពេញលេញតាមផ្លូវច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះក៏បានថ្វាយនូវព្រះរាជតង្វាយរួមមានអង្ករ និងថវិកាមួយចំនួនដើម្បីចូលរួមដង្ហែក្នុងព្រះរាជសកម្មភាពសប្បុរសធម៌ដ៏ឧត្តុង្គឧត្តមប្រកបដោយទសពិធរាជធម៌របស់ ព្រះអង្គទាំងទ្វេ ដែលតែងតែមានព្រះរាជហឬទ័យខ្វល់ខ្វាយជាប់ជានិច្ចអំពីសុខទុក្ខរបស់ប្រជារាស្ត្រជាកូនជាចៅរបស់ព្រះអង្គ។
ក្នុងវរោកាសដ៏ប្រពៃថ្លៃថ្លានេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានមានព្រះរាជបន្ទូលកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុងការដឹកនាំសមាគមឧកញ៉ាកម្ពុជាទទួលបាននូវភាពជោគជ័យជាច្រើននាពេលកន្លងមកក៏ដូចជាការរួបរួមសាមគ្គីរបស់អ្នកឧកញ៉ា និងឧកញ៉ា ទាំងអស់ដែលជាសមាជិកសមាគមក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជាច្រើនសែនកន្លែងដល់ប្រជាជនកម្ពុជាតាមរយៈការវិនិយោគ និងសកម្មភាពជំនួញនានាស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាពិសេស ព្រះអង្គទាំងទ្វេ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបានមានព្រះបរមរាជឱង្ការផ្តាំផ្ញើដល់ អ្នកឧកញ៉ា និងឧកញ៉ាទាំងអស់ សូមចូលរួមថែរក្សាការពារប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អរបស់ខ្មែរដើម្បីធានាបាននូវសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
ជាទីបញ្ចប់ ព្រះករុណាថ្លៃវិសេស និង សម្តេចព្រះមហាក្សត្រី ក៏បានប្រោសព្រះរាជទានពរជ័យដល់សមាជិកសមាគមឧកញ៉ាកម្ពុជាគ្រប់ៗរូបសូមទទួលបានភាពជោគជ័យ វិបុលសុខគ្រប់ប្រការ និងបានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានវរោកាសដល់អ្នកឧកញ៉ា និងឧកញ៉ាទាំងអស់បានថតរូបភាពជាអនុស្សាវរីយ៍ផងដែរ៕