អ្នកឧកញ៉ា ហ៊ុន ឡាក់ អញ្ជើញចូលរួមកម្មវិធី «កសិកម្ម វាលបៃតង» ឆ្នាំ២០២៣រៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

by | 12 月 9, 2023 | ព្រឹត្តិការ ពត៍មាន

(ភ្នំពេញ)៖ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជាបានអញ្ជើញចូលរួមកម្មវិធី «កសិកម្ម វាលបៃតង» សម្រាប់ឆ្នាំ២០២៣ ដើម្បីបង្ហាញពីផលិតផលកសិកម្មដែលមានសក្ដានុពលរបស់កម្ពុជានៅទីស្តីការក្រសួងកសិកម្មនិងបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងកម្មវិធីនេះ ក៏មានវត្តមានភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ អង្គទូត និងតំណាងដៃគូអភិវឌ្ឍន៏ ក្រុមហ៊ុនកសិកម្ម និងកសិ-ផលិតកម្មកៃច្ឆៃម្ហូបអាហារ ហើយក៏មានការភ្លក្សម្ហូបអាហារដែលកែច្ឆៃពីកសិផលបន្លែ ផ្លែឈើខ្មែរដែលមានគុណភាពខ្ពស់ចំនួន ៩មុខម្ហូបពីក្រុមចុងភៅល្បីៗដោយមានកិច្ចសហការពីសាលាចុងភៅផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានឲ្យដឹងថាកម្មវិធីនេះជាឱកាសដែលក្រសួងកសិកម្មចង់បង្ហាញ និងដាក់បង្គុំគ្នារវាង អ្នកផលិតកសិផល និងអ្នកកែច្នៃកសិផលឲ្យឃើញនូវអ្វីដែលបានរៀបចំជាទម្រង់ជាមួយគ្នា។ បន្ថែមពីនោះទៀតឯកឧត្តម ក៏បានលើកឡើងថា ការរៀបចំកម្មវិធីនេះ គឺក្នុងគោលបំណងបង្ហាញរវាងអ្នកផលិតកសិផលកែច្នៃ ជាមួយអ្នកជំនួញផ្សេងៗដើម្បីជំរុញទីផ្សារ និងក៏ដូចជាពង្រីកទីផ្សារ ឲ្យកាន់តែទូលំទូលាយថែមទៀតហើយកម្មវិធីនេះអាចនឹងធ្វើជារៀងរាល់ឆ្នាំ។

ឯកឧត្តម បានគូសបញ្ជាក់ថា ការតាំងបង្ហាញនេះដែរ គឺជាការបង្ហាញនូវទំនិញនានា ដែលកើតចេញពីផលិតផលកសិកម្មនៅកម្ពុជា ដើម្បីឲ្យអ្នកចូលរួមបានស្គាល់ ងាយទំនាក់ទំនងគ្នា សម្រាប់ពង្រីកទីផ្សារ ឲ្យកាន់តែទូលំទូលាយទាំងក្នុងស្រុក និងក៏ដូចជាក្រៅប្រទេស។សូមបញ្ជាក់ផងដែរថា កម្មវិធី «កសិកម្ម វាលបៃតង» នេះ ក៏មានការរៀបចំបង្ហាញដល់ភ្ញៀវកិត្តិយសអំពីការដាល់អំបុកដែលជាផ្នែកមួយនៃវប្បធម៌ផ្សារភ្ជាប់នឹងវិស័យកសិកម្មដំណាំស្រូវ ក្រោយប្រមូលផលផងដែរ។