ក្រុមហ៊ុន អ៊សខ្មែរ សហការជាមួយក្រុមហ៊ុន GIBON ដើម្បីនាំចូលសាច់គោកូរ៉េ Hanwoo លេខ១ មកកាន់កម្ពុជា

by | 8 月 30, 2023 | ព្រឹត្តិការ ពត៍មាន

(ភ្នំពេញ)៖ ក្រុមហ៊ុន អ៊សខ្មែរ គឺជាក្រុមហ៊ុននាំចេញនាំចូលរាល់គ្រប់ផលិតផលទាំងអស់មិនថា​ជាប្រភេទអាហារ ឬភេសជ្ជៈ (ទឹកបរិសុទ្ធ, ទឹកផ្លែឈើ, ស្រា, និង សាច់គ្រប់ប្រភេទ។ល។) ដែលសុទ្ធសឹងតែមានគុណខ្ពស់ និងស្របតាមស្តង់ដា។

ជាក់ស្ដែង កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុន អ៊សខ្មែរ បានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន GIBON ដើម្បីក្លាយជាដៃគូសហការក្នុងការនាំចូលនូវសាច់គោកូរ៉េ ហាន អ៊ូ (Hanwoo) ដែលមានគុណភាពខ្ពស់បំផុតនិងជាប់លំដាប់ថ្នាក់លេខ 1 នៅប្រទេសកូរ៉េដោយមានការចូលរួមក្រោម អធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តម ជុង ហាំង ហ្គឹន (CHUNG Hwang-geun) រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទនៃប្រទេសកូរ៉េ, ឯកឧត្តម ផាក ជុង អ៊ុក (PARK Jung-wook) ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំប្រទេសកម្ពុជា, អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប និងជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា និងលោក សម្បត្តិ សុធា នាយកប្រតិបតិ្ត ក្រុមហ៊ុន អ៊សខ្មែរ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងអ្នកសារព័ត៌មានជាច្រើននាក់ផងដែរ។

កម្មវិធីដ៏រំភើបរីករាយមួយនេះ ក៏បានអញ្ជើញភ្ញៀវកិត្តិយសទាំងអស់ភ្លក់នូវរសជាតិសាច់គោកូរ៉េ ហាន អ៊ូ (Hanwoo) ដ៏ឈ្ងុយឆ្ងាញ់ដោយមានការអត្ថាធិប្បាយពីខាងចុងភៅដ៏ជំនាញជនជាតិកូរ៉េ។

លោក សម្បត្តិ សុធា នាយកប្រតិបតិ្តក្រុមហ៊ុន អ៊សខ្មែរ ក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថា “សាច់គោ កូរ៉េ ហាន អ៊ូ (Hanwoo) ដែលបាននាំចូលមកពីប្រទេសកូរ៉េនេះ គឺត្រូវបានត្រួតពិនិត្យគុណភាពយ៉ាងត្រឹមត្រូវដោយមានការវាយតម្លៃកម្រិតគុណភាព, បញ្ជាក់ពីគុណភាព, និងត្រាទទួលស្គាល់នូវគុណភាពជាពិសេសសាច់គោកូរ៉េ ហាន អ៊ូ (Hanwoo) បានផលិតក្រោមលក្ខខណ្ឌធានាសុវត្ថិភាពអនាម័យដោយប្រើប្រព័ន្ធ HACCP ដែលផ្ដល់នូវទំនុកចិត្តខ្ពស់ដល់អ្នកបរិភោគ។”

រីឯ លោក លី ជនហូ (LEE Jun-ho) នាយកប្រតិបត្តិក្រុមហ៊ុន ឃីប៊ន (GIBON) ក៏បានបន្ថែមទៀតថា “សាច់គោកូរ៉េ ហាន អ៊ូ (Hanwoo) គឺជាសាច់គោដែលមានគុណភាពខ្ពស់ និងមានរសជាតិឆ្ងាញ់។ សាច់គោកូរ៉េ ហាន អ៊ូ (Hanwoo) គឺត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីកសិដ្ឋានចិញ្ចឹមគោរបស់​ហាន អ៊ូ (Hanwoo) គោត្រូវបានចិញ្ចឹមនៅលើវាលស្មៅផ្ដល់ចំណីជាគ្រាប់ធញ្ញជាតិដែលធ្វើឱ្យ គោមានសុខភាពល្អ អាចផលិតបានសរសៃខ្លាញ់ដែលល្អបំផុត និងសម្បូរដោយប្រូតេអ៊ីនច្រើនជាងសាច់គោធម្មតា។”

សូមបញ្ជាក់ផងដែរថា អតិថិជនអាចស្វែងរកទិញប្រភេទសាច់គោកូរ៉េ ហានអ៊ូ (Hanwoo) គុណភាពលំដាប់នេះ មានតែនៅក្រុមហ៊ុន អ៊សខ្មែរ តែមួយគត់៕