អ្នកឧកញ៉ា ប៊ុន ហៃ (Neak Oknha Bun Hay) មានតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ាកើតក្នុងឆ្នាំ១៩៧២ នៅខេត្តកំពង់ចាម ហើយលោកបានចូលប្រឡូកក្នុងវិស័យជំនួញអស់រយៈកាលជាច្រើនទសវត្សមកហើយ។
អ្នកឧកញ៉ា គឺជាប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុនបុរីភ្នំពេញថ្មី (Borey Phnom Penh Thmey Co., Ltd.) ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យមានលក់ផ្ទះល្វែង ផ្ទះអាជីវកម្ម វីឡាកូនកាត់ វីឡាភ្លោះ និងវីឡាទោល។
តាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គមនិងសកម្មភាពមនុស្សធម៌ដោយបានបរិច្ចាគទ្រព្យធនជាច្រើន ព្រមទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា អ្នកឧកញ៉ាត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃតាមរយៈការទទួលបានគ្រឿងឥស្សរិយយសជាច្រើនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល “ជាតូបការ” ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕