អ្នកឧកញ៉ា ថៃ ជាហួត

by | 5 月 13, 2023 | 创始成员

អ្នកឧកញ៉ា ថៃ ជាហួត (Neak Oknha Thay Cheahuoth) មានតួនាទីជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ាកើតក្នុងឆ្នាំ១៩៧០ នៅខេត្តកំពង់ចាមហើយលោកបានចូលប្រឡូកក្នុងវិស័យជំនួញតាំងពីទសវត្សឆ្នាំ១៩៩០ មកម៉្លេះ។

អ្នកឧកញ៉ា ថៃ ជាហួត គឺជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ប៉េង ហួត គ្រុប (Peng Hout Group) ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០០៥ ហើយជាក្រុមហ៊ុនកំពូលមួយក្នុងចំណោមក្រុមហ៊ុនកំពូលមួយចំនួនតូចដែលមានជំនាញខ្ពស់ក្នុងការរចនា និងអភិវឌ្ឍបុរីលំនៅដ្ឋាន, អគារខុនដូ, គម្រោងផ្សារទំនើប, អគារការិយាល័យ, អគារសន្និបាត ពិព័រណ៍ និងពិធីរៀបអាពាហ៍ពិពាហ៍, សួនកម្សាន្តបែបអឺរ៉ុប និងសណ្ឋាគារផងដែរ។ អាជីវកម្មធំៗរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប មានដូចជា៖ ១. ក្រុមហ៊ុន ភីអេច ប្រូភើធី (PH Property), ២.ក្រុមហ៊ុន ភីអេច ខនស្ត្រាក់សិន (PH Construction), ៣.ក្រុមហ៊ុន ភីអេច រីថេល (PH Retail), និង ៤.ក្រុមហ៊ុនគ្រប់គ្រងបុរី (Facility Management)។

ក្រុមហ៊ុន ប៉េង ហួត គ្រុប គ្រប់គ្រងគម្រោងបូរីជាង ៣០ ក្នុងតំបន់ដ៏មានសក្តានុពលនៃរាជធានីភ្នំពេញ។ យោងលើការរចនា គុណភាពសាងសង់ បរិស្ថានក្នុងគម្រោង ក៏ដូចជាសេវាគ្រប់គ្រង ថែទាំ និង​សន្តិសុខ បានធ្វើឱ្យក្រុមហ៊ុន ប៉េង ហួត គ្រុប ទទួលបាននូវពានរង្វាន់ជាច្រើនជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍវិស័យ អចលនទ្រព្យ និងសំណង់នៅកម្ពុជា។ ក្រៅពីនេះ ក្រុមហ៊ុនក៏បានចូលរួមក្នុងការងារសង្គម និងការងារមនុស្សធម៌ជាច្រើនថែមទៀត រហូតត្រូវបានទទួលស្គាល់ពីសំណាក់សាធារណជន និងរាជរដ្ឋាភិបាល។ អ្នកឧកញ៉ា បានទទួលនូវគ្រឿងឥស្សរិយយសជាច្រើនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល “ជាតូបការ” ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕