លោកអ្នកឧកញ៉ា លី ហួរ (Neak Oknha Ly Hour) មានតួនាទីជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា។ លោកអ្នកឧកញ៉ាជាជនជាតិខ្មែរដែលកើតក្នុងឆ្នាំ១៩៥៤ នៅខេត្តកំពង់ចាម។ លោកអ្នកឧកញ៉ា លី ហួរ គឺជាស្ថាបនិកនៃសម្ព័ន្ធ លី ហួរ គ្រុប ដោយលោកបានចាប់ផ្តើមសម្ព័ន្ធអាជីវកម្មនេះពីមាសចំនួន ២ (ពីរ)ជីកន្លះនៅដើមទសវត្ស១៩៨០ នារាជធានីភ្នំពេញ។ សព្វថ្ងៃនេះ លោកអ្នកឧកញ៉ា លី ហួរ ត្រូវបានគេស្គាល់ថាជាពាណិជ្ជករដ៏លេចធ្លោ និងគួរឲ្យទុកចិត្តម្នាក់នៅប្រទេសកម្ពុជាហើយក្រោមចក្ខុវិស័យនៃភាពជាអ្នកដឹកនាំរបស់លោក ក្រុមហ៊ុន លី ហួរ គ្រុប បានអភិវឌ្ឍន៍នូវមុខជំនួញហិរញ្ញវត្ថុជាច្រើនរួមមាន៖ ក្រុមហ៊ុនប្តូរប្រាក់, ក្រុមហ៊ុនជួញដូរមាស, ក្រុមហ៊ុនបញ្ចាំ, ធនាគារពាណិជ្ជ, ក្រុមហ៊ុនភតិសន្យា, ក្រុមហ៊ុនផ្ញើលុយក្នុងនិងក្រៅប្រទេស, ក្រុមហ៊ុនធានារ៉ាប់រងទូទៅ និងក្រុមហ៊ុនគ្រប់គ្រងការវិនិយោគជាដើម។ អាជីវកម្មផ្សេងទៀតរបស់លោកមានដូចជា ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ, ក្រុមហ៊ុនដាំដុះចម្ការកៅស៊ូ និងចម្ការស្វាយចន្ទី។
សកម្មភាពទាំងអស់នេះ បានបង្ហាញយ៉ាងច្បាស់ថាក្រុមហ៊ុន លី ហួរ គ្រុប បាននិងកំពុងចូលរួមចែករំលែកនៅក្នុងភាពរីកចម្រើននៃវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាតាមរយៈក្រុមហ៊ុនចម្រុះរបស់ខ្លួន។ បន្ថែមលើសកម្មភាពសេដ្ឋកិច្ច អ្នកឧកញ៉ាក៏បានចូលរួមយ៉ាងសកម្មលើសកម្មភាពមនុស្សធម៌ផងដែរដោយបានបរិច្ចាគទ្រព្យធនជាច្រើនព្រមទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាដែលនាំឱ្យរូបលោកទទួលបាននូវពានរង្វាន់ មេដាយ ក៏ដូចជាការទទួលស្គាល់ជាច្រើនទៀតពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាព្រមទាំងទទួលបាននូវគ្រឿងឥស្សរិយយសថ្នាក់កំពូល “ជាតូបការ” ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕