ស្វែងយល់អំពីព្រះរាជពិធីច្រត់ព្រះនង្គ័លដែលជាទំនៀម​ទម្លាប់​បវេណី​របស់​ខ្មែរ​តាំង​ពី​បុរាណកាល

by | 5 月 26, 2024 | ព្រឹត្តិការ ពត៍មាន

ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺ​ជា​ព្រះ​រាជ​ពិធី​បុណ្យមួយដ៏សំខាន់ក្នុងចំណោមព្រះរាជពិធីផ្សេងៗទៀតដែលចាត់ចូលជាព្រះរាជពិធីទ្វារទសមាស​ដែល​ខ្មែរ​បាន​ប្រារព្ធ​ធ្វើ​​ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​​៤​រោច​ខែ​ពិសាខដើម្បី​ជាការប្រកាស​ពី​ដំណើរ​មក​ដល់​នៃ​រដូវ​ធ្វើ​ស្រែ​ចម្ការ​របស់​ប្រជារាស្ត្រ​ក្នុង​នគរ និង​ដើម្បី​ផ្សង​ប្រផ្នូល​ពី​ភោគផល​កសិកម្មតាមរយៈការបរិភោគរបស់ «គោឧសភរាជ»។ ព្រះ​មហាក្សត្រ​ខ្មែរបានយក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​ពិធី​នេះ​ណាស់ដោយពី​អតីតកាលទ្រង់​បាន​យាង​ច្រត់​ព្រះ​នង្គ័ល​ដោយ​អង្គ​ឯង​ ប៉ុន្តែ​សម័យ​ក្រោយ​ៗ​មកព្រះ​មហាក្សត្រ​គ្រាន់​តែ​យាង​ជាព្រះរាជាធិបតីដោយ​មាន​តំណាង​ព្រះ​មហាក្ស​ត្រជា​អ្នក​ច្រត់នង្គ័ល​ជំនួស​វិញ។

ចំពោះព្រះរាជា  ឬ ព្រះរាជតំណាងចេញច្រត់ព្រះនង្គ័លកំណត់ហៅថា «ស្តេចមាឃ» ឬឯព្រះទេពី ឬភរិយារបស់ព្រះរាជតំណាងហៅថា «ព្រះមេហួ» ។ សម្រាប់ឆ្នាំ២០២៤នេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនឹងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនៅលើទឹកដីខេត្តកំពង់ស្ពឺរួមទាំងវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ និងឯកអគ្គរដ្ឋទូតបរទេសផ្សេងទៀតផងដែរ។​


ទាក់ទិននឹងការផ្សងគោឧសភរាជគឺក្រោយ​ធ្វើការ​ភ្ជួរ​រាស់​ដី​ចំនួន​៣​ជុំ​នៅលើ​ទីវាល​ព្រះ​ស្រែរួចហើយ ក្រុមបាគូសូត្រពាក្យអធិដ្ឋានផ្សងគោឧសភរាជដែលទឹមច្រត់ព្រះនង្គ័លនោះឱ្យស៊ីផឹកអាហារ៧យ៉ាងដែលភ្នាក់ងាររៀបដាក់នៅទីមុខព្រះពន្លាមានដូចជា គ្រាប់ស្រូវ គ្រាប់សណ្ដែកតុ គ្រាប់ពោត គ្រាប់ល្ង ស្មៅស្រស់ ទឹក និងស្រា។ ក្រោយសូត្រចប់ព្រាហ្មណ៍ព្រះរាជគ្រូយកទឹកមន្ដប្រោះក្បាលព្រះគោទាំងពីរហើយមន្ដ្រីម្នាក់ដែលកាន់នង្គ័លស្ដេចមាឃដឹកគោឧសភរាជទាំងពីរទៅឱ្យស៊ីផឹករបស់ទាំង៧យ៉ាងតែគោឧសភរាជចូលចិត្ដស៊ីផឹកអ្វីក៏ស៊ីផឹកទៅគេមិនបង្ខំឱ្យស៊ីផឹកចំពោះអាហារណានីមួយៗទេកាលព្រះគោស៊ីផឹកអ្វីមួយយ៉ាង ឬពីរយ៉ាងព្រាហ្មណ៍ក៏ទាយផលប្រផ្នូលទៅខាងមុខតាមនោះរួចទើបប្រកាសផ្សាយ។ ​តាមទំនៀមទម្លាប់ពីបុរាណកាលមកកំណត់ថា ប្រសិនបើគោ​ឧសភរាជទៅ​បរិភោគ ស្រូវ ពោត សណ្ដែក ល្ង និង​ទឹកមានប្រផ្នូល​ថា​ស្រុកទេស​សម្បូរ​សប្បាយ ប្រជាពលរដ្ឋ​មាន​ស្បៀងអាហារ​គ្រប់គ្រាន់សម្រាប់​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍប្រទេសតាម​ផែនការ​របស់​រាជរដ្ឋាភិបាលប្រកបដោយ​សុខសន្តិភាព។ ផ្ទុយទៅវិញ បើ​គោ​ឧសភរាជទៅ​បរិភោគ​ស្មៅ និង ស្រាស ប្រផ្នូល​ថា​ស្រុកទេស​នឹង​កើតមានគ្រោះ​ចង្រៃចម្បាំងរាំងជល់ និង​ជំងឺ​ដ​ង្កា​ត់​ឆ្លង​រា​តត្បា​តពេញ​ផ្ទៃ​ប្រទេស​។


នៅ​ក្នុង​ព្រះ​រាជពិធី​មង្គល​នេះដែរ ជា​រៀង​រាល់​ពេល​ដែល​គោ​ឧសភរាជ​ទាំង​ពីរ​បរិភោគ​អាហារ​ទាំង​៧​មុខ​រួច​ហើយប្រជារាស្ត្រ​ខ្មែរ​តែង​តែ​នាំ​គ្នា​យក​សំណល់​អាហារ​​ជា​អាថិ៍​ដូច​ជា ស្រូវ សណ្ដែក ពោត និង​ល្ង​ជា​ដើម ដើម្បី​រក្សា​ទុកដោយ​មាន​​ជំនឿ​ថាសំណល់​អាហារ​ទាំង​នោះនឹង​ផ្ដល់​សេចក្ដី​សុខ​ចំពោះ​រូប​គេ​ម្នាក់​ៗ​។ ចំណែក​ប្រជានុរាស្ត្រ​ដែល​​ចិញ្ចឹម​ជីវិត​ដោយ​របរ​កសិកម្ម​វិញតែង​តែ​ជឿ​ថា ប្រសិន​បើ​បាន​យក​សំណល់​គ្រាប់​ធុញ្ញជាតិ​ទាំង​នោះទៅ​រួម​ផ្សំ​ជាមួយ​គ្រាប់​ពូជ​ដែល​ពួក​គេ​ត្រូវ​បង្ក​បង្កើន​ផល​នា​រដូវ​ខាង​មុខនោះ​របរ​កសិកម្ម​របស់​ពួក​គេ​នឹង​ចម្រុង​ចម្រើនទទួល​បាន​ទិន្នផល​ខ្ពស់​ជា​ដើម​៕