ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជាជាច្រើនរូប បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី (Mekong Quay City) ស្ថិតនៅក្រុងអរិយក្សត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា គម្រោងទីក្រុងមេគង្គឃី មានផ្ទៃដីទំហំប្រមាណ ២១០ហិកតា វិនិយោគដោយក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប និងក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត ហើយមានទីតាំងស្ថិតនៅតាមដងទន្លេមេគង្គទល់មុខទន្លេចតុមុខ ដែលនឹងរៀបចំសាងសង់ដោយបែងចែកជាផ្នែកសំខាន់ៗ ដូចជា ផ្នែកអគារពាណិជ្ជកម្មលក្ខណៈទំនើប, ផ្សារទំនើប, មជ្ឈមណ្ឌលអប់រំ, សណ្ឋាគារស្តង់ដាអន្តរជាតិ, មជ្ឈមណ្ឌលទេសចរណ៍ និងវប្បធម៌ ។ល។
សម្តេចមហាបវរធិបតីបានថ្លែងថា ការវិនិយោគសាងសង់គម្រោងកសាងទីក្រុងដ៏ធំនេះ គឺជាការវិនិយោគដ៏ត្រឹមត្រូវមួយដែលបានបង្ហាញយ៉ាងប្រត្យក្សថា វិស័យអចលនទ្រព្យនៅកម្ពុជាបាននិងកំពុងងើបឡើងវិញជាបណ្តើរៗ។ សម្តេចបានថ្លែងបន្ថែមថា ក្រោមម្លប់សុខសន្តិភាព ដែលបានកើតឡើងតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ប្រទេសកម្ពុជាបានវិវឌ្ឍន៍យ៉ាងខ្លាំង មិនត្រឹមតែក្នុងទិដ្ឋភាពនៃកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការប្រែប្រួលមុខមាត់នៃសង្គមជាតិទាំងមូលផង។
គួរបញ្ជាក់ដែរថា គម្រោងទីក្រុងមេគង្គឃីនេះនឹងចូលរួមចំណែកក្នុងការបំពេញក្តីប្រាថ្នារបស់ប្រជាជនផង និងជំរុញដល់កំណើនសេដ្ឋកិច្ចជាតិជារួមផង តាមរយៈការជួយបង្កើនភាពសកម្មនៃវិស័យអចលនទ្រព្យ, វិនិយោគ, ពាណិជ្ជកម្ម, បដិសណ្ឋារកិច្ច, ក៏ដូចជាការជួយផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍របស់កម្ពុជាផងដែរ៕