លោកអ្នកឧកញ៉ា លី ហួរ ចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ និងសមាគមឧកញ៉ាកម្ពុជា

by | Nov 12, 2024 | ព្រឹត្តិការ ពត៍មាន

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកអ្នកឧកញ៉ា លី ហួរ អនុប្រធានសមាគមឧកញ៉ាកម្ពុជា រួមជាមួយអ្នកឧកញ៉ា ឧកញ៉ា ជាថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមឧកញ៉ាកម្ពុជា ជាច្រើនរូប បានអញ្ជើញចូលរួមជាអធិបតី និងជាភ្ញៀវកិត្តិយសក្នុង «ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ និងសមាគមឧកញ៉ាកម្ពុជា» ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់នូវអត្ថប្រយោជន៍ពាក់ព័ន្ធនឹងការផ្តល់សេវាពិនិត្យសុខភាព និងព្យាបាលជំងឺនានា ប្រកបដោយគុណភាពខ្ពស់តាមស្ដង់ដាអន្តរជាតិជូនដល់សមាជិកទាំងអស់ នៃសមាគមឧកញ៉ាកម្ពុជា ព្រមទាំងក្រុមគ្រួសារ។

លោកវេជ្ជបណ្ឌិត Attapoom Susupaus នាយកមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ បានថ្លែងថា នេះជាកិត្តិយសដ៏ធំធេង ដែលលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ជាច្រើនរូបសុទ្ធសឹងជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីប្រកបដោយអត្ថន័យនេះ ខណៈដែលលោកមានក្តីរំពឹងថា តាមរយៈអនុស្សរណៈនេះ ភាគីទាំងពីរនឹងទទួលបាននូវអត្ថប្រយោជន៍ទៅវិញទៅមកជាពិសេសលើការថែទាំសុខុមាលភាព រួមមាន ការផ្តល់ជូននូវកញ្ចប់ Prime+ និង Prime Packages ដែលជាជម្រើសល្អបំផុតមួយ ដោយហេតុថា មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ មានបំពាក់ដោយបរិក្ខារទំនើបៗប្រកបដោយបច្ចេកវិទ្យាខ្ពស់ ដូចជា ម៉ាស៊ីន the state-of-the-art MRI 3 Tesla scanner ជាដើម ព្រមទាំងមានវេជ្ជបណ្ឌិត និងគ្រូពេទ្យដែលមានជំនាញឯកទេសច្បាស់លាស់ក្នុងការពិនិត្យ តាមដាន និងព្យាបាលជំងឺដោយទទួលបានទំនុកចិត្តពីអតិថិជនជាច្រើននៅក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះទៅលើផ្នែកសង្គ្រោះបន្ទាន់ ជំងឺបេះដូង ផ្នែកឆ្អឹង និងការថែទាំមាតានិងទារកផងដែរ។

ទន្ទឹមនឹងនេះ លោកអ្នកឧកញ៉ា លី ហួរ បានថ្លែងការកោតសសើរចំពោះថ្នាក់ដឹកនាំ គ្រូពេទ្យ និងបុគ្គលិក ទាំងអស់របស់មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយកម្លាំងចិត្ត ដោយមានយកចិត្តទុកដាក់ ជាទីបំផុតក្នុងការផ្តល់ និងបម្រើសេវាសុខាភិបាលកម្រិតស្តង់ដាអន្តរជាតិ ព្រមទាំងគុណភាពខ្ពស់ដល់អ្នកជំងឺជាតិ និងអន្តរជាតិនៅកម្ពុជា។

លោកអ្នកឧកញ៉ាបានថ្លែងបន្ថែមថា៖ «ការចុះអនុស្សរណៈយោគយល់គ្នានៅថ្ងៃនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សមាជិករបស់សមាគមឧកញ៉ាកម្ពុជា ក៏ដូចជា ការផ្តល់ជូននូវកាតបញ្ចុះតម្លៃទៅតាមកម្រិតនៃប្រភេទសេវាកម្មនីមួយៗ។ ដូច្នេះ ខ្ញុំមានកិត្តិយសសូមលើកទឹកចិត្ត និងសូមអញ្ជើញសមាជិកដែលបានអញ្ជើញចូលរួម និងមិនបានអញ្ជើញចូលរួមនៅថ្ងៃនេះក្តី អាចសាកល្បងប្រើប្រាស់សេវាកម្មណាមួយរបស់មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ដែលមានជាអាទិ៍ ការគ្រោះយោបល់ ការពិនិត្យសុខភាព ឬការព្យាបាលជំងឺនានាជាដើមចាប់ពីថ្ងៃនេះតទៅ។»

សូមជម្រាបជូនថា មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ គឺជាមន្ទីរពេទ្យក្នុងស្រុកមួយដែលបាននិងកំពុងប្រើប្រាស់ឧបករណ៍ ក៏ដូចជាបរិក្ខារពេទ្យទំនើបៗទាន់សម័យ ដែលមានគុណភាពស្តង់ដាអន្តរជាតិ សេវាកម្មសម្បូរបែប និងមានតម្លៃសមរម្យ ជាមួយនឹងគ្រូពេទ្យដែលមានជំនាញ និងមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យសុខាភិបាល។ អាស្រ័យហេតុនេះ ប្រជាពលរដ្ឋកម្ពុជាអាចធ្វើការកាត់បន្ថយចំណាយផ្សេងៗព្រមទាំងថវិកា និងពេលវេលាក្នុងការចេញទៅព្យាបាលនៅឯក្រៅប្រទេស ដែលទាំងអស់នេះគឺជាការគិតគូរមួយរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ជាពិសេស ឆ្លើយតបទៅនឹងយុទ្ធសាស្ត្ររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្នុងការផ្តល់សេវាកម្មដែលមានជម្រើសច្រើន និងគុណភាពសុខាភិបាលកាន់តែប្រសើរដល់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន៕