ជំទាវឧកញ៉ា កង លាប ដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ

by | Nov 8, 2024 | ព្រឹត្តិការ ពត៍មាន

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវឧកញ៉ា កង លាប សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា បានដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងបានបន្តថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នៅមណ្ឌបព្រះបរមរូប ខាងកើតវិមានឯករាជ្យក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា។

នេះជាការរំលឹកនឹកដល់គុណូបការៈ និងវីរភាពដ៏ធំធេងរបស់ព្រះករុណាព្រះបរមរតនកោដ្ឋដែលបានបំពេញព្រះរាជបូជនីយកិច្ច និងបូជាអស់កម្លាំងព្រះកាយពល ព្រះបញ្ញាញាណក្នុងការដណ្តើមឯករាជ្យពីប្រទេសបារាំង ព្រមទាំងពលិកម្មប្រកបដោយវីរភាពដ៏អង់អាចរបស់យុទ្ធជនក៏ដូចជាប្រជាពលរដ្ឋខ្មែរប្រុសស្រីប្រកបដោយសាមគ្គីភាពក្នុងការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីរបស់ប្រជាជាតិកម្ពុជានេះផងដែរ។