ភ្នំពេញ៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលបំផុត នៃព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិដែលនឹងប្រព្រឹត្តទៅនាថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ តាងនាមថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាលក៏ដូចជាសមាជិកទាំងអស់ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ នៃសមាគមឧកញ៉ាកម្ពុជា លោកអ្នកឧកញ៉ា លី យ៉ុងផាត់ សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំទូលថ្វាយនូវព្រះសព្ទសាធុការពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការថ្វាយ ព្រះករុណាថ្លៃវិសេស សូមព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសប្រកបដោយមហាមង្គលាភិរម្យនេះដែរ ទូលព្រះបង្គំ និងខ្ញុំម្ចាស់ទាំងអស់គ្នា សូមថ្វាយនូវព្រះរាជកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុតនូវព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ តាមរយៈព្រះរាជសកម្មភាពមនុស្សធម៌ សង្គមកិច្ច សាសនា ប្រកបដោយទសពិធរាជធម៌ និងព្រះរាជហឫទ័យយកចិត្តទុកដាក់ចំពោះជីវភាព និងភាពសុខក្សេមក្សាន្តចម្រុងចម្រើនរបស់ប្រជានុរាស្ត្រខ្មែរ។
ទូលព្រះបង្គំ និងខ្ញុំម្ចាស់ទាំងអស់គ្នា សូមលំឱនកាយបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេព្តាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រមទាំងព្រះបារមីដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ៗព្រះអង្គ ជាពិសេសបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមព្រះមេត្តាតាមថែរក្សាអភិបាលប្រោះព្រំនូវព្រះរាជសព្ទសាធុការពរបវរមហាប្រសើរថ្វាយ ព្រះករុណាថ្លៃវិសេស សូមព្រះអង្គប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាពតរៀងទៅ។
សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ប្រោសព្រះរាជមេត្តាទទួលនូវអភិវន្ទនកិច្ចប្រកបដោយគារវភក្តីដ៏ស្មោះស្ម័គ្របំផុតពីទូលព្រះបង្គំជាខ្ញុំ និងខ្ញុំម្ចាស់ទាំងអស់គ្នា។