លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ដឹកនាំកិច្ចប្រជុំវិសាមញ្ញាលើកទី៨ អាណត្តិទី១ នៃក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា

by | Jul 26, 2024 | ព្រឹត្តិការណ៍ និងព័ត៌មាន

ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំកិច្ចប្រជុំវិសាមញ្ញក្រុមប្រឹក្សាភិបាលលើកទី៨ នាទីស្នាក់ការសមាគមឧកញ៉ាកម្ពុជាក្នុងសណ្ឋាគារភ្នំពេញ ដោយមានវត្តមានចូលរួមពីសំណាក់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និង ឧកញ៉ា ជាអនុប្រធាន និងជាសមាជិកក្រុមប្រឹក្សាភិបាលចំនួន ៣០រូប។

ជាកិច្ចចាប់ផ្តើម លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានអង្គប្រជុំ បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណដល់សមាជិកអង្គប្រជុំទាំងមូលដែលបានចំណាយពេលដ៏មានតម្លៃចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នាថ្ងៃនេះ។ ជាកិច្ចបន្ទាប់ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការបានធ្វើបទបង្ហាញជូនអង្គប្រជុំទាំងមូលទៅតាមរបៀបវារៈនីមួយៗ ដោយសមាជិកអង្គប្រជុំបានចូលរួមជជែកពិភាក្សា និងផ្តល់ធាតុចូលសំខាន់ៗទៅលើរបៀបវារៈទាំងនោះយ៉ាងផុសផុល និងយកចិត្តទុកដាក់ជាទីបំផុត។

សម្រាប់កិច្ចប្រជុំវិសាមញ្ញលើកទី៨នេះមានរបៀបវារៈសំខាន់ៗដូចជា៖

១. ការប្រកាសអំពីសមាសភាពសមាជិកក្រុមប្រឹក្សាភិបាលថ្មីចំនួន ១៣រូបដែលទើបជាប់ឆ្នោត។

២. ការធ្វើបច្ចុប្បន្នភាពនៃពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត។

៣. កិច្ចពិភាក្សាអំពីកម្មវិធីផ្គូផ្គងធុរកិច្ចកម្ពុជា-ថៃ នាដើមខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ។

៤. របាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី២ និងប្រចាំឆមាសទី១ ឆ្នាំ២០២៤។

៥. ពិភាក្សាបញ្ហាផ្សេងៗ

ជាលទ្ធផល កិច្ចប្រជុំបានសម្រេចឯកភាពលើរបៀបវារៈនីមួយៗដូចខាងក្រោម៖

របៀបវារៈទី១៖ លោកអ្នកឧកញ៉ាប្រធាន និងអង្គប្រជុំទាំងមូល បានមានប្រសាសន៍ស្វាគមន៍ចំពោះសមាជិកក្រុមប្រឹក្សាភិបាលថ្មីទាំង ១៣រូបបន្ទាប់ពីបានឡើងណែនាំខ្លួនជូនអង្គប្រជុំ ព្រមទាំងបានប្តេជ្ញាចិត្តក្នុងការចូលរួមរាល់គ្រប់សកម្មភាពរបស់សមាគម ក៏ដូចជាការចូលរួមទាំងកម្លាំងកាយ កម្លាំងចិត្ត ធនធាន និងចំណេះដឹងដើម្បីជំរុញសមាគមឧកញ៉ាកម្ពុជាសម្រេចឱ្យបាននូវចក្ខុវិស័យ និងបេសកកម្មដែលបានកំណត់របស់សមាគមឧកញ៉ាកម្ពុជា។

របៀបវារៈទី២៖ អង្គប្រជុំបានពិនិត្យឃើញថា ការរៀបចំនានាបានប្រព្រឹត្តទៅតាមការគ្រោងទុកទាំងទីកន្លែងប្រារព្ធកម្មវិធី ការរៀបចំការសម្តែងទស្សនីយភាពសិល្បៈ និងពិធីការជាដើម។ បន្ថែមពីលើនេះ អង្គប្រជុំបានឯកភាពក្នុងការបង្កើតគណៈកម្មការ ២បន្ថែមទៀតដើម្បីជួយចាត់ចែង និងសម្របសម្រួលលើការងារនៃពិធីពិសារភោជនាអាហារសាមគ្គីរបស់សមាគមឧកញ៉ា នាថ្ងៃទី២ សីហា ឆ្នាំ២០២៤ខាងមុខផងដែរ។

របៀបវារៈទី៣៖ អង្គប្រជុំបានឯកភាពក្នុងការរៀបចំកម្មវិធីផ្គូផ្គងធុរកិច្ចកម្ពុជា-ថៃនៅរាជធានីភ្នំពេញនាដើមខែកញ្ញា ឆ្នាំ២០២៤។

របៀបវារៈទី៤៖ អង្គប្រជុំបានពិនិត្យនិងឯកភាពទៅលើរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី២ និងប្រចាំឆមាសទី១ ឆ្នាំ២០២៤ របស់សមាគមឧកញ៉ាកម្ពុជា ដោយអ្នកឧកញ៉ា ផែ ហុកឈួន ប្រធានគណៈកម្មការរដ្ឋបាល និងហិរញ្ញវត្ថុ បានធ្វើបទបង្ហាញនូវចំនួនថវិកាដែលជាចំណូល ចំណាយ និងអតិរេក របស់សមាគមឧកញ៉ាកម្ពុជាប្រចាំខែនីមួយៗផងដែរ។

ដោយសារតែរបៀបវារៈផ្សេងៗត្រូវបានពិភាក្សា និងឯកភាពរួចរាល់ លោកអ្នកឧកញ៉ាប្រធាន បានមានប្រសាសន៍ថ្លែងអំណរគុណសាជាថ្មីចំពោះអង្គប្រជុំទាំងមូល និងបានផ្តល់អនុសាសន៍ល្អៗដល់អគ្គលេខាធិការដ្ឋានក្នុងការបំពេញការងារឱ្យបានល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាព។

កិច្ចប្រជុំបានបិទបញ្ចាប់នៅវេលាម៉ោង ១៨:៣០នាទី ក្នុងកាលបរិច្ឆេទថ្ងៃខែឆ្នាំដដែល ដោយទទួលបានលទ្ធផលផ្លែផ្កាក្រោមបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលបំផុត៕