ប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមទស្សនកិច្ចមជ្ឈមណ្ឌលដឹកជញ្ជូន Bayernhafen Nürnberg ដែលវិនិយោគលើការដឹកជញ្ជូន និងភស្ដុភារកម្ម

by | Jun 14, 2024 | ព្រឹត្តិការ ពត៍មាន

អាល្លឺម៉ង់៖ កាលពីរសៀលថ្ងៃពុធ៦កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ប្រតិភូសមាគមឧកញ៉ាកម្ពុជាបានបន្តចូលរួមអមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអញ្ជើញចុះទស្សនកិច្ចមជ្ឈមណ្ឌលដឹកជញ្ជូន Bayernhafen Nürnberg ក្រោមការទទួលទទួលយ៉ាងកក់ក្ដៅពីលោក Ingmar Schellhas នាយកប្រតិបត្តិក្រុមហ៊ុន Bayernhafen Nürnberg។

ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជាក៏ចុះពិនិត្យមជ្ឈមណ្ឌលដឹកជញ្ជូននិងភស្ដុភារកម្មព្រមទាំងព្រែកជីក Rhine–Main–Danube របស់អាល្លឺម៉ង់ដោយបានសាកសួរអំពីបទពិសោធន៍នៃការវិនិយោគរបស់ក្រុមហ៊ុនលើគម្រោងយក្សផ្នែកដឹកជញ្ជូននិងភស្ដុភារកម្ម ជាពិសេសបទពិសោធន៍របស់ក្រុមហ៊ុនក្នុងការប្រើប្រាស់ព្រែកជីកនេះដើម្បីសម្រួលដល់ការដឹកជញ្ជូនពីផ្លូវទឹកមកផ្លូវដែកក្នុងប្រទេសដែលនេះមានប្រយោជន៍សម្រាប់កម្ពុជាប្រើប្រាស់ជាទឡ្ហីករក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធពហុមធ្យោបាយរបស់ខ្លួនបានផងដែរ។

សូមជម្រាបថា Bayernhafen Nürnberg គឺជាមជ្ឈមណ្ឌលដឹកជញ្ជូន និងភស្ដុភារកម្មដ៏សំខាន់បំផុតមួយដែលតភ្ជាប់រវាងផ្លូវដែក និងផ្លូវទឹកប្រកបដោយប្រសិទ្ធភាព។ ឧស្សាហកម្មចម្រុះនៅក្នុង Bayernhafen Nürnberg រួមមានអន្តរមធ្យោបាយដឹកជញ្ជូននិងភស្ដុភារកម្ម ការដឹកជញ្ជូនទំនិញ ការកែច្នៃ ឧស្សាហកម្ម ពាណិជ្ជកម្ម ឃ្លាំង និងការផ្តល់សេវាទាក់ទងនឹងការដឹកជញ្ជូនជាដើម។ ក្រុមហ៊ុន Bayernhafen Nürnberg ប្រើប្រាស់ការដឹកជញ្ជូនតាមផ្លូវទឹកក្នុងទីក្រុងទៅកាន់កំពង់ផែសមុទ្រតាមរយៈព្រែកជីក Rhine–Main–Danube ដែលទម្រង់នៃការដឹកជញ្ជូននេះគឺមានភាពស្រដៀងគ្នាទៅនិងគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជាដែលនឹងតភ្ជាប់ការដឹកជញ្ជូនពីទន្លេទៅសមុទ្រកម្ពុជា៕