(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម Chung Hwang-Keun រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀង និងកិច្ចការជនបទនៃសាធារណរដ្ឋកូរ៉េកាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ ដោយហេតុថា ឯកឧត្តម ឆុង វ៉ាងគឺន (Chung Hwang-Keun) គឺជារដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀង និងកិច្ចការជនបទនៃសាធារណរដ្ឋកូរ៉េដំបូងបង្អស់ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។
នាឱកាសនេះដែរ ឯកឧត្តម ឌិត ទីណា បានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ ចំពោះកិច្ចសហប្រតិបត្តិការល្អនាពេលកន្លងមក ជាពិសេសជំនួយរបស់រដ្ឋាភិបាលកូរ៉េមកដល់កម្ពុជានៅក្នុងវិស័យកសិកម្មហើយសម្រាប់កិច្ចសហប្រតិបត្តិការបន្តនាពេលអនាគត ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ភាគីកូរ៉េជំរុញការបើកទីផ្សារផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ប្រទេសកូរ៉េដោយចំពោះផលិតផលកសិកម្មដែលមានតម្លៃបន្ថែមខ្ពស់។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចូលរួមអបអរសាទរចំពោះការបើកទីផ្សារ K-Beef របស់កូរ៉េ តាមរយៈក្រុមហ៊ុន អ៊សខ្មែរ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន GIBON ដើម្បីក្លាយជាដៃគូសហការក្នុងការនាំចូលនូវសាច់គោកូរ៉េ ហាន អ៊ូ (Hanwoo) ដែលមានគុណភាពខ្ពស់បំផុតនិងជាប់លំដាប់ថ្នាក់លេខ ១ នៅប្រទេសកូរ៉េហើយជាមួយគ្នានេះដែរ កម្ពុជាសង្ឃឹមថា នឹងអាចបើកទីផ្សារស្វាយទៅកាន់ប្រទេសកូរ៉េឱ្យកាន់តែធំទូលំទូលាយបន្ថែមទៀត។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២២កន្លងមក ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េខាងត្បូងមានទំហំទឹកប្រាក់ប្រមាណជាជិត ៧៨០លានដុល្លារអាម៉េរិកពោលគឺកើនឡើង ០,៦% បើធៀបទៅនឹងឆ្នាំ២០២១ ក្នុងនោះកម្ពុជាបាននាំចេញទៅកាន់ទីផ្សារកូរ៉េប្រមាណជាង ២៣៣លានដុល្លារអាម៉េរិក ចំណែកការនាំចូលពីកូរ៉េខាងត្បូងវិញមានទំហំជាង ៥៤៥ លានដុល្លាអាម៉េរិក។ ជាងនេះទៅទៀត ភាគីទាំងពីរក៏បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) បន្ថែមពីលើ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានការចូលរួមពីប្រទេសចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរីចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់៕