អ្នកឧកញ៉ា តេង ហឿង (Neak Oknha Teng Hoeung) កើតក្នុងឆ្នាំ១៩៧៥ នៅខេត្តកំពត។ អ្នកឧកញ៉ាជាអ្នកជំនួញឆ្នើមមួយរូបដែលបានប្រឡូកក្នុងវិស័យជំនួញតាំងពីឆ្នាំ១៩៩៦មក។
អ្នកឧកញ៉ាបានចាប់ផ្ដើមអាជីវកម្មដំបូងនៅក្នុងវិស័យដឹកជញ្ជូន និងភស្ដុភារកម្មជាមួយក្រុមហ៊ុនចំនួន២ គឺ៖ ១.ក្រុមហ៊ុនតេង ឡាយ អាហរ័ណនីហរ័ណ និងដឹកជញ្ជូន ដែលជាក្រុមហ៊ុនផ្ដល់សេវាដឹកជញ្ជូនទំនិញនាំចេញនាំចូលរួមជាមួយសេវាបញ្ចេញទំនិញពីគយនិងជើងសារគយ និង ២.ក្រុមហ៊ុន តេង ឡាយ ផែស្ងួត ដែលជាក្រុមហ៊ុនផ្ដល់សេវាផែស្ងួតនិងភស្តុភារកម្មដូចជា ភណ្ឌាគារគយមានដែនកំណត់, ទីលានផ្ទុកកុងតឺន័រ, ឃ្លាំងសម្រាប់ទទួល និងបែងចែកទំនិញ និងទីលានផ្ទុកសម្បកកុងតឺន័ររបស់ក្រុមហ៊ុននាវា។ បន្ថែមពីនេះ អ្នកឧកញ៉ាក៏បានវិនិយោគលើវិស័យអចលនទ្រព្យ និងសំណង់ផងដែរដោយបានផ្ដោតទៅលើការអភិវឌ្ឍ លំនៅឋានតាមរយ:ក្រុមហ៊ុនមេគង្គភ្នំពេញ ឌីវេឡុបមេន, ក្រុមហ៊ុនអ័រគីដេ ឌីវេឡុបមេន និងក្រុមហ៊ុនហ្គោលដេន ផាក ឌីវេឡុបមេន និងវិស័យសំណង់មានក្រុមហ៊ុន ជេននីស៊ីស ហូម គ្រុប ជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់គ្រប់ប្រភេទ បេតុងលាយស្រេច សម្ភារផ្ទះបាយ និងសម្ភារតុបតែងក្នុងផ្ទះ។
អ្នកឧកញ៉ា តេង ហឿង បាននិងកំពុងកាន់មុខតំណែងជាថ្នាក់ដឹកនាំជាន់ខ្ពស់សំខាន់ៗដូចជា៖ ១.អគ្គនាយក ក្រុមហ៊ុនតេងឡាយគ្រុប, ២.ប្រធានក្រុមប្រឹក្សាភិបាលនិងអគ្គនាយកក្រុមហ៊ុន ហ្គោលដេន ផាក ឌីវេឡុបមេ, ៣.ប្រធានក្រុមប្រឹក្សាភិបាលនិងអគ្គនាយកក្រុមហ៊ុន ជេននីស៊ីស ហូម គ្រុប, ៤.សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន មេគង្គភ្នំពេញ ឌីវេឡុបមេន និង ៥.សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អ័រគីដេ ឌីវេឡុបមេន។
តាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងមនុស្សធម៌ ដោយបានបរិច្ចាគទ្រព្យធនជាច្រើន ព្រមទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា អ្នកឧកញ៉ា តេង ហឿង ត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃតាមរយៈការទទួលបាននូវគ្រឿងឥស្សរិយយសជាច្រើនពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល “ជាតូបការ” ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕