អ្នកឧកញ៉ា សៀ ឬទ្ធី (Neak Oknha Sear Rithy) មានតួនាទីជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ាកើតក្នុងឆ្នាំ១៩៧០ នៅក្រុងភ្នំពេញ។ អ្នកឧកញ៉ាបានចូលប្រឡូកក្នុងវិស័យជំនួញតាំងពីឆ្នាំ១៩៩២មកម្ល៉េះ។
ផ្តើមចេញពីការងារ និងជំនាញក្នុងវិស័យភស្តុភារជាមួយអង្គការសហប្រជាជាតិ លោកបានចាប់ផ្តើមអាជីវកម្ម និងការវិនិយោគក្នុងវិស័យនេះ ដោយបានទទួលជោគជ័យជាបន្តបន្ទាប់ហើយបានបន្តវិនិយោគក្នុងវិស័យសំខាន់ៗជាច្រើនផ្សេងទៀតដូចជា៖ វិស័យអភិវឌ្ឍន៍អចលនទ្រព្យ, វិស័យហិរញ្ញវត្ថុ, ប្រព័ន្ធផ្សព្វផ្សាយ និងឌីជីថល, វិស័យឧស្សាហកម្ម, វិស័យសុខាភិបាល, វិស័យពាណិជ្ជកម្ម, វិស័យសណ្ឋាគារនិងបដិសណ្ឋារកិច្ច, សេវាកម្មផ្គត់ផ្គង់ម្ហូបអាហារ និងសេវាកម្មសម្អាត។ បច្ចុប្បន្ន អ្នកឧកញ៉ា គឺជាម្ចាស់ និងជាប្រធានក្រុមហ៊ុន WorldBridge Group ដែលមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធប្រមាណ ៣០ ជាមួយនឹងទស្សនវិស័យ “ក្លាយទៅជាក្រុមហ៊ុនលេខ១ ក្នុងការផ្តល់នូវដំណោះស្រាយចម្រុះតាមរយៈការដាក់ចេញនូវគម្រោងថ្មីៗដំបូងគេបំផុតក្នុងប្រទេសកម្ពុជាដែលឆ្លុះបញ្ចាំងពីក្រុមហ៊ុនផង និងប្រទេសកម្ពុជាផង”។ ទ្រឹស្តីពាណិជ្ជកម្មដ៏ល្អមួយរបស់អ្នកឧកញ៉ាគឺ “កុំព្យាយាមផឹកទឹកអណ្តូងខ្លួនឯងព្រោះវាអាចរីង យើងត្រូវស្វែងរកប្រភពទឹកទន្លេ និងសមុទ្រទើបមិនចេះរីងស្ងួត” ក្នុងន័យនេះគឺជាការដាស់គំនិតឱ្យចេះស្វែងរកដៃគូវិនិយោគមកពីបរទេសឱ្យបានកាន់តែច្រើន។
ក្រៅពីកិច្ចការជំនួញនិងវិនិយោគ អ្នកឧកញ៉ាបានបរិច្ចាគទ្រព្យធនជាច្រើនព្រមទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌។ អ្នកឧកញ៉ា ត្រូវបានទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈការផ្តល់ជូននូវគ្រឿងឥស្សរិយយសជាបន្តបន្ទាប់ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល “ជាតូបការ” ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕