អ្នកឧកញ៉ា ហ៊ុន ឡាក់​ និងប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមក្នុងជំនួបពិភាក្សាតុមូលស្ដីពីបរិយាកាសវិនិយោគនៅកម្ពុជាលើទឹកដីកាណាដា

by | 10 月 7, 2024 | ព្រឹត្តិការ ពត៍មាន

កាណាដា៖ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ រួមជាមួយសមាជិកសមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុងជំនួបពិភាក្សាតុមូលស្ដីពីបរិយាកាសវិនិយោគនៅកម្ពុជា កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ដែលត្រូវបានរៀបចំឡើងនៅទីក្រុងម៉ុងត្រេអាល់ ប្រទេសកាណាដា ខណៈដែលគណៈប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានការចូលរួមពីសមាជិក សមាជិកា នៃក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន (Canada-ASEAN Business Council- CABC) ដឹកនាំដោយលោក Louis Vachon ជាសហប្រធានប្រចាំកាណាដានៃ CABC, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា, ឯកឧត្តម Alan Bowman អគ្គនាយកកិច្ចការសកលរបស់កាណាដា ទទួលបន្ទុកអាស៊ីអាគ្នេយ៍ និងអូសេអានី តំណាងរដ្ឋាភិបាលកាណាដា, លោក Stephane Achard អនុប្រធានប្រតិបត្តិ ផ្នែកអន្តរជាតិ នៃធនាគារជាតិកាណាដា, និងវិស័យឯកជនកម្ពុជា-កាណាដាជាច្រើនរូបផងដែរ។

ក្នុងជំនួបនាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចែករំលែកព័ត៌មានជាមូលដ្ឋានជូនដល់អង្គប្រជុំបានជ្រាបនិងចូលរួមផ្សព្វផ្សាយបន្ត អំពីវឌ្ឍនភាពថ្មីៗរបស់កម្ពុជាលើគ្រប់វិស័យ ក្រោមការគិតគូរយ៉ាងម៉ត់ចត់ពីរាជរដ្ឋាភិបាលកម្ពុជា ពិសេសគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបានបន្តយកចិត្តទុកដាក់យ៉ាងពេញទំហឹង លើការកសាងមូលធនមនុស្ស, ការលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទទាំងរឹង និងទន់, ព្រមទាំងការពង្រឹងវិស័យឯកជន និងធុរកិច្ច ក្នុងវិស័យមានសក្តានុពលនានា វិស័យកសិកម្ម កសិ-ឧស្សាហកម្ម ការជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងឧស្សាហូបនីយកម្មជាដើម។

ជាលទ្ធផលនៃអង្គប្រជុំ សមាជិក សមាជិកររបស់ក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន ក៏រំលេចលើកឡើងអំពីចំណាប់អារម្មណ៍ខ្ពស់នឹងពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជាលើវិស័យមានជាអាទិ៍ ថាមពល និងកសិកម្ម៕