អ្នកឧកញ៉ា សៀ ឫទ្ធី ដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជាចូលរួមកម្មវិធីអាហារថ្ងៃត្រង់ធុរកិច្ចតួកគី-កម្ពុជា

by | 5 月 28, 2024 | ព្រឹត្តិការ ពត៍មាន

តួកគី៖ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ អ្នកឧកញ៉ា សៀ ឫទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជារួមមាន លោកជំទាវអ្នកឧកញ៉ា សុខ សុភាព លោកជំទាវឧកញ៉ា ឆាយ ស៊ីវលីន លោកជំទាវឧកញ៉ា ស្រ៊ាត មុំសុភា និង ឧកញ៉ា សុខ បញ្ញារិទ្ធ ចូលរួមក្នុងកម្មវិធីអាហារថ្ងៃត្រង់ធុរកិច្ចតួកគី-កម្ពុជា ឬ TÜRKIYE BUSINESS – CAMBODIA LUNCHEON ដែលបានប្រព្រឹត្តិទៅនៅទីក្រុងអ៊ីស្តានប៊ុល នៃសាធារណរដ្ឋតួកគី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលតួកគីដែលមានសមាសភាពដូចជា ឯកឧត្តម Mustafa Tuzcu អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក Mahir Alp ប្រធានក្រុមប្រឹក្សាធុរកិច្ចទួកគី-កម្ពុជា និងថ្នាក់ដឹកនាំក៏ដូចជាតំណាងវិស័យឯកជននៃប្រទេសទាំងពីរជាច្រើនរូបទៀត។

សូមបញ្ជាក់ថា កម្មវិធីអាហារថ្ងៃត្រង់ធុរកិច្ច នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ក៏ដូចជាវិនិយោគរវាងប្រទេសទាំងពីរ តាមរយៈកិច្ចពិភាក្សានិងការផ្គូរផ្គងធុរកិច្ចរបស់ធុរជននានាដែលមានសក្តានុពលលើវិស័យទេសចរណ៍ កសិ-ឧស្សាហកម្ម និងសុខាភិបាលជាដើម។

 

ក្នុងដំណើរបំពេញបេសកកម្មនេះដែរ អ្នកឧកញ៉ា សៀ ឫទ្ធី ក៏បានចូលរួមអមដំណើរឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្ដាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងជំនួបដោយឡែកពីគ្នាជាមួយក្រុមហ៊ុនតួកគីចំនួន ០៣ រួមមានក្រុមហ៊ុនមន្ទីរពេទ្យ Koru Ankara Hospital ក្រុមហ៊ុន Dedeman Hotel & Resort International និង ក្រុមហ៊ុន Kiddy ដែលមានបំណងចង់ពង្រីកការវិនិយោគទៅប្រទេសកម្ពុជាក្នុងវិស័យទេសចរណ៍សុខភាព ការគ្រប់គ្រងសណ្ឋាគារប្រណីត ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ការទំនាក់ទំនងក្នុងវិស័យអប់រំ និងវិស័យហិរញ្ញវត្ថុជាដើមដោយក្រុមហ៊ុនទាំងបីបានបង្ហាញពីចំណាប់អារម្មណ៍ និងទំនុកចិត្តខ្ពស់ក្នុងការស្វែងរកឱកាសបណ្តាក់ទុនវិនិយោគនៅកម្ពុជា៕