ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នាទីស្នាក់ការសមាគមឧកញ៉ាកម្ពុជា នៃសណ្ឋាគារភ្នំពេញ សមាគមឧកញ៉ាកម្ពុជា បានបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤ អាណត្តិទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានអង្គប្រជុំ ដោយមានវត្តមានចូលរួមពីសំណាក់ លោកអ្នកឧកញ៉ា និង អ្នកឧកញ៉ាជាអនុប្រធាន និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមចំនួន ២៤រូប។
កិច្ចប្រជុំប្រចាំត្រីមាសឆ្នាំនេះបានធ្វើឡើងស្របតាមលក្ខន្តិកៈរបស់សមាគមដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗរួមមាន៖
១. ប្រភពនិងការប្រមូលមូលនិធិ និងគម្រោងសម្ពោធសមាគមមូលនិធិឧកញ៉ាកម្ពុជា.
២. ការរៀបចំសន្និបាតលើកទី២ របស់សមាគមឧកញ៉ាកម្ពុជា.
៣. ផ្សេងៗ, ដែលក្នុងនោះមានដូចជាកិច្ចពិភាក្សា និងបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាលថ្មីបន្ថែម, ការកំណត់ពេលវេលាប្រគល់ថវិកាជូនកាកបាទក្រហមកម្ពុជា, ផែនការរៀបចំវេទិកាធុរកិច្ចជាមួយបណ្តាស្ថាប័នអន្តរជាតិនានា, និងការរៀបចំពិធីសំណេះសំណាលជាមួយនឹងសម្តេចធិបតីនាយករដ្ឋមន្ត្រីជាដើម។
ជាកិច្ចចាប់ផ្តើម លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានអង្គប្រជុំ បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណដល់សមាជិកអង្គប្រជុំទាំងមូលដែលបានចំណាយពេលដ៏មានតម្លៃចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នាថ្ងៃនេះ។ ជាកិច្ចបន្ទាប់ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការបានធ្វើបទបង្ហាញជូនអង្គប្រជុំទាំងមូលទៅតាមរបៀបវារៈនីមួយៗ ដោយសមាជិកអង្គប្រជុំបានចូលរួមជជែកពិភាក្សា និងផ្តល់ធាតុចូលសំខាន់ៗទៅលើរបៀបវារៈទាំងនោះយ៉ាងផុសផុល និងយកចិត្តទុកដាក់ជាទីបំផុត។
ជាលទ្ធផល កិច្ចប្រជុំបានសម្រេចឯកភាពលើរបៀបវារៈនីមួយៗដូចខាងក្រោម៖
របៀបវារៈទី១៖ អង្គប្រជុំបានសម្រេចចុះបញ្ជី និងតម្កល់លក្ខន្តិកៈនៃសមាគមមូនិធិឧកញ៉ាកម្ពុជានៅក្រសួងមហាផ្ទៃ ដើម្បីបំពេញកាតព្វកិច្ចឱ្យបានត្រឹមត្រូវស្របតាមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ អង្គប្រជុំក៏បានកំណត់ប្រភព និងទំហំមូលនិធិដើម្បីរក្សាបាននូវនិរន្តរភាពមូលនិធិសម្រាប់ទ្រទ្រង់សកម្មភាពសប្បុរសធម៌នានាផងដែរ។ ពាក់ព័ន្ធនឹងការសម្ពោធសមាគមមូលនិធិឧកញ៉ាកម្ពុជានេះ អង្គប្រជុំបានឯកភាពរៀបចំក្នុងពេលសន្និបាត លើកទី២របស់សមាគម ដែលគ្រោងនឹងរៀបចំនាចុងខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ។
របៀបវារៈទី២៖ អង្គប្រជុំបានឯកភាពលើការកំណត់កាលបរិច្ឆេទ ទីតាំង សមាសភាពចូលរួម និងរបៀបវារៈនៃសន្និបាតលើកទី២ ដោយប្រារព្ធធ្វើឡើងពេញមួយថ្ងៃ នាចុងខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពឥស្សរជនជាន់ខ្ពស់ និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា។
របៀបវារៈផ្សេងៗ ៖
ក. អង្គប្រជុំបានសម្រេចជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាលថ្មីបន្ថែមតាមរយៈការបោះឆ្នោតជ្រើសរើសបេក្ខភាពដែលបានដាក់ពាក្យឈរឈ្មោះ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌បំផុតដែលជាលទ្ធផលអង្គប្រជុំជ្រើសរើសបានសមាជិកក្រុមប្រឹក្សាភិបាលចំនួន ១៣រូប ដើម្បីចូលរួមជួយដល់រាល់សកម្មភាពរបស់សមាគមឱ្យកាន់តែមានស័ក្ដិសិទ្ធភាព ប្រសិទ្ធភាព និងប្រសិទ្ធផល ស្របតាមភាពរីកចម្រើន និងការងារដ៏មមាញឹករបស់សមាគមនាពេលបច្ចុប្បន្ន និងទៅអនាគត។
ខ. បន្ថែមលើនេះ អង្គប្រជុំក៏បានឯកភាពលើការកំណត់កាលបរិច្ឆេទ ទីតាំង សមាសភាពចូលរួម និងរបៀបវារៈនៃការរៀបចំវេទិកាធុរកិច្ចនានាដោយសហការជាមួយបណ្តាសមាគម សភាពាណិជ្ជកម្ម និងស្ថាប័នអន្តរជាតិនានា ដែលក្នុងនោះក៏នឹងមានការរៀបចំជំនួបផ្គូផ្គងធុរកិច្ចរវាងសមាជិកសមាគម និងក្រុមហ៊ុនបរទេសធំៗក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្រ្តី។
គ. ជាចុងក្រោយនៃកិច្ចប្រជុំ អង្គប្រជុំក៏បានឯកភាពលើការកំណត់កាលបរិច្ឆេទ និងសមាសភាពចូលរួម យកថវិកាដែលប្រមូលបានពីសមាជិក រួមនឹងថវិការបស់សមាគមទៅប្រគល់ជូនកាកបាទក្រហមកម្ពុជា នៅដើមសប្តាហ៍ក្រោយ។
កិច្ចប្រជុំបានបិទបញ្ចាប់នៅវេលាម៉ោង ១៨:០០នាទី ក្នុងកាលបរិច្ឆេទថ្ងៃខែឆ្នាំដដែល ដោយទទួលបានលទ្ធផលផ្លែផ្កាក្រោមបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលបំផុត៕