ភ្នំពេញ៖ នាល្ងាចថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសនៃសមាគមឧកញ៉ាកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរសន្និបាតលើកទី១ និងពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជាដែលមានការចូលរួមពីសំណាក់ឥស្សរជនជាន់ខ្ពស់ជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល សមាជិកសមាគមឧកញ៉ាកម្ពុជា តំណាងវិស័យឯកជន គោរមវន្តជាភ្ញៀវកិត្តិយស ព្រមទាំងភ្ញៀវជាតិ អន្តរជាតិប្រមាណជាជាង ៦០០រូប។
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងនាមជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា សម្ដេចសូមអបអរសាទរ និងកោតសរសើរចំពោះការរៀបចំទាំងឡាយរបស់សមាគមឧកញ៉ាកម្ពុជាទាំងលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង ព្រមទាំងកិច្ចការពាក់ព័ន្ធរបស់សមាគមឧកញ៉ា និងការរៀបរយនូវឯកសណ្ឋានប្រកបដោយកិត្តិយសក្តិសមជាសមាគមមួយដែលបានចូលរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលដើម្បីការអភិវឌ្ឍន៍ប្រទេសជាតិ។
សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ទៀតថា សម្ដេចតែងតែចាត់ទុកថា វិស័យឯកជនគឺជាក្បាលរថភ្លើងក្នុងការចូលរួមកសាងកំណើនសេដ្ឋកិច្ចជាតិ ខណៈដែលរដ្ឋាភិបាលគឺជាសេដ្ឋវិទូក្នុងការដឹកនាំប្រទេសជាតិ។ ចាប់តាំងពីយុទ្ធសាស្រ្ដចតុកោណរហូតដល់បញ្ចកោណដំណាក់កាលទី១ គឺបានរក្សានូវកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពនៅកម្ពុជា និងកំពុងដើរតួនាទីពីរសំខាន់គឺជំរុញកំណើនសេដ្ឋកិច្ចតាមរយៈតួនាទីរបស់វិស័យឯកជននេះឯង។ សម្ដេចតេជោបានថ្លែងថា សេដ្ឋកិច្ចមានការលូតលាស់គឺត្រូវជំរុញដោយអ្នកដែលមានទុនវិនិយោគ, ទី២ គឺជាអ្វីដែលអ្នកវិនិយោគកំពុងដោះស្រាយការងាររាប់ពាន់កន្លែងនៅក្នុងប្រទេសកម្ពុជា។
សម្ដេចតេជោក៏បានមានប្រសាសន៍រំលឹកថា មានថវិកាប្រមាណពីររយលានដុល្លារដែលសប្បុរសជនជាឧកញ៉ា និងអ្នកឧកញ៉ានៅកម្ពុជាបានជួយនៅអំឡុងវិបត្តិកូវីដដើម្បីទិញវ៉ាក់សាំង និងទិញមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដនៅអំឡុងពេលប្រឈមខ្លាំង ខណៈប្រទេសផ្សេងៗជាច្រើនទទួលបានថវិកាតិចតួចប៉ុណ្ណោះពីសប្បុរសជននៅក្នុងប្រទេសខ្លួន។
ក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនូវសុន្ទរកថាគន្លឹះអំពីការជីកព្រែកជីក “ហ្វូណនតេជោ” ដែលមានសារៈសំខាន់ជាច្រើនពោលគឺក្រោយគម្រោងព្រែកជីកហ្វូណនតេជោ បានសម្រេចជាស្ថាពរហើយនោះគឺនឹងលែងមានការខ្វះខាតទឹកប្រើប្រាស់ និងសម្រាប់ស្រោចស្រពដំណាំរបស់ប្រជាពលរដ្ឋទៀតនោះឡើយ ជាពិសេសគឺបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ទិសនិរតីតែម្តង ព្រមទាំងជាផ្លូវតភ្ជាប់ដោយផ្ទាល់ទៅកាន់សមុទ្រដោយមិនឆ្លងកាត់ប្រទេសដទៃគឺមិនឆ្លងកាត់ប្រទេសវៀតណាម ដែលតម្រូវឱ្យមានការបង់ថ្លៃពេលឆ្លងកាត់ប្រទេសគេនោះ។
សម្តេចតេជោ បានប្រកាសយ៉ាងដាច់ណាត់ថា កម្ពុជាគ្មានការរាថយនោះឡើយចំពោះគម្រោងធ្វើ «ព្រែកជីកហ្វូណនតេជោ» ហើយសម្តេចក៏បានប្រកាសផងដែរថាកម្ពុជាក៏គ្មានអ្វីចាំបាច់ត្រូវចចារ និងពិគ្រោះយោបល់ជាមួយអ្នកណានោះដែរទាក់ទងនឹងគម្រោងនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសអំពាវនាវដល់ជនរួមជាតិទាំងអស់គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ខណៈគម្រោងនេះនឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត និងថែមទាំងកាត់បន្ថយការបង់ពន្ធទៅភាគីវៀតណាមផងដែរតាមរយៈការដឹកជញ្ជូនតាមផ្លូវទឹកនេះ។
បន្ទាប់ពីបញ្ចប់សុន្ទរកថា សម្តេចតេជោ បានផ្តល់កិត្តិយសប្រគល់ជូននូវព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា «លោកអ្នកឧកញ៉ា» ជូនដល់គោរមវន្តចំនួន ៧រូបមានដូចជា៖ លោកអ្នកឧកញ៉ា លី យ៉ុងផាត់, លោកអ្នកឧកញ៉ា ពុង ឃាវសែ, ជំទាវលោកអ្នកឧកញ៉ា ភាព ហៀក, លោកអ្នកឧកញ៉ា លី ហួរ, លោកអ្នកឧកញ៉ា ស៊ី គង់ទ្រីវ, ជំទាវលោកអ្នកឧកញ៉ា ភូ ហុងស៊ួន ស៊ីគង់ទ្រីវ និងលោកអ្នកឧកញ៉ា លាង ឃុន។
ជាកិច្ចបន្ត សម្តេចតេជោ បានផ្តល់កិត្តិយសថតរូបជាអនុស្សាវរីយ៍ជាមួយនឹងគោរមវន្តដែលទទួលបានគោមរមងារជាលោកអ្នកឧកញ៉ាទាំង ៧រូប ព្រមទាំងជាមួយអនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលរបស់សមាគមឧកញ៉ាកម្ពុជាទាំង ៣២រូប និងជាមួយសមាជិកសកម្ម សមាជិកទ្រទ្រង់នៃសមាគមឧកញ៉ាកម្ពុជាជាច្រើនរូបទៀតផងដែរ។
បន្ទាប់មក សម្តេចតេជោ បានផ្តល់កិត្តិយសចូលរួមទស្សនាទស្សនីយភាពនានានៃការសម្តែងសិល្បៈរួមមានរបាំប្រជាប្រិយ ការច្រៀងកម្សាន្ត អមដោយការទទួលទានអាហារសាមគ្គីជាមួយមហាគ្រួសាឧកញ៉ាកម្ពុជាប្រកបដោយភាពស្និទ្ធស្នាល និងកិត្តិយសដ៏ឧដុង្គឧត្តមក្រៃលែង៕