អ្នកឧកញ៉ា សៀ ឬទ្ធី និងថ្នាក់ដឹកនាំសមាគមឧកញ៉ាកម្ពុជាចូលរួមជាកិត្តិយសក្នុង ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា ឬ cdcIPM ដំណាក់កាលទី១

by | Nov 29, 2024 | ព្រឹត្តិការណ៍ និងព័ត៌មាន

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១២រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកឧកញ៉ា សៀ ឬទ្ធី តំណាងសមាគមឧកញ៉ាកម្ពុជា បានអញ្ជើញចូលរួមជាកិត្តិយស និងថ្លែងសុន្ទរកថាចំណាប់អារម្មណ៍ ក្នុង “ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (CDC Investment Project Management System ហៅកាត់ថា ប្រព័ន្ធ cdcIPM) ដំណាក់កាលទី១” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្កម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី តំណាងក្រសួងស្ថាប័ននានារបស់រាជរដ្ឋាភិបាល ឯកឧត្តមឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូត អង្គការជាតិ អន្តរជាតិ វិស័យឯកជន និងបណ្តាញសារព័ត៌មានសរុបប្រមាណជាង ៣៥០នាក់។

គោលបំណងនៃព្រឹត្តិការណ៍នេះ គឺដើម្បីផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធ cdcIPM ដែលត្រូវបានផ្ដួចផ្ដើមឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីផ្ដល់លទ្ធភាពឱ្យវិនិយោគិនដាក់ពាក្យដោយផ្ទាល់ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយជួយសម្រួលកិច្ចវិនិយោគឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយពេលវេលា ធានាបាននូវតម្លាភាព សុក្រឹតភាព និងប្រសិទ្ធភាព ព្រមទាំងចូលរួមកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល និងអនុវត្តនូវគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ លើសពីនេះ ប្រព័ន្ធ cdcIPM នេះ ក៏ជាការរួមចំណែកដល់ការជំរុញការអនុវត្តច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមគាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស​ ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ក្នុងឱកាសនេះផងដែរ អ្នកឧកញ៉ា សៀ ឬទ្ធី បានឡើងថ្លែងសុន្ទរកថាបង្ហាញចំណាប់អារម្មណ៍ ដោយសម្ដែងការកោតសរសើរ និងចូលរួមអបអរសាទរគាំទ្រចំពោះកិច្ចប្រឹងប្រែងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការផ្ដួចផ្ដើម និងធ្វើឱ្យប្រព័ន្ធ cdcIPM លេចចេញជារូបរាងឡើងជាផ្លូវការនាថ្ងៃនេះ សម្រាប់ជាឧត្ដមប្រយោជន៍ជាតិ។ អ្នកឧកញ៉ាបានលើកឡើងថា ប្រព័ន្ធនេះនឹងផ្ដល់ការគាំទ្រដល់កិច្ចវិនិយោគក្នុងកម្រិតតំបន់ និងកម្រិតជាតិ ដោយវិនិយោគិនជាតិ និងអន្តរជាតិកាន់តែមានភាពងាយស្រួលក្នុងការដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគរបស់ខ្លួន។ ក្រៅពីនេះ ប្រព័ន្ធនេះក៏នឹងផ្ដល់នូវអត្ថប្រយោជន៍ក្នុងរូបភាពជាច្រើន ដូចជា ១) តម្លាភាព៖ កាត់បន្ថយភាពមិនប្រក្រតីនានារវាងវិនិយោគិន និងអ្នកផ្ដល់សេវា ២) បណ្ដុំទិន្នន័យ៖ ផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងកិច្ចវិនិយោគ និងគម្រោងវិនិយោគនានា សម្រាប់វិនិយោគិនធ្វើការសម្រេចចិត្ត ដោយមិនចាំបាច់មកកាន់ទីតាំងផ្ទាល់ ៣) ទំនុកចិត្ត៖ បង្ហាញអំពីតម្លៃពិតប្រាកដជាក់លាក់នៃសេវានានាក្នុងដំណើរការស្នើសុំចុះបញ្ជីគម្រោងវិនិយោគ ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតផងដែរ។

ជាចុងបញ្ចប់ អ្នកឧកញ៉ា ក៏បានស្នើសុំឱ្យមានកន្លែងផ្ដល់សេវាព័ត៌មាន សម្រាប់ឆ្លើយតបរាល់បញ្ហា ឬចម្ងល់នានាអំពីការប្រើប្រាស់ប្រព័ន្ធនេះ ហើយវិនិយោគិនផ្ទាល់ក៏ត្រូវពង្រឹងចំណេះដឹងបច្ចេកវិទ្យា ដើម្បីងាយស្រួលប្រើប្រាស់ និងទាញប្រយោជន៍ពីប្រព័ន្ធខាងលើនេះ បើពុំដូច្នោះ ការបង្កើតប្រព័ន្ធនេះឡើងនឹងត្រូវទុកជាអសារបង់មិនខាន។