អង្ករក្រអូបប្រណីតកម្ពុជាម៉ាក «ម្លិះអង្គរ» បានឈ្នះពានរង្វាន់អង្ករល្អប្រណីតផ្តាច់គេលើពិភពលោកជាលើកទី៦

by | Nov 8, 2024 | ព្រឹត្តិការណ៍ និងព័ត៌មាន

ហ្វីលីពីន៖ អង្ករក្រអូបប្រណីតកម្ពុជាម៉ាក «ម្លិះអង្គរ» បានឈ្នះពានរង្វាន់អង្ករល្អប្រណីតផ្តាច់គេលើពិភពលោកជាលើកទី៦ ក្នុងការប្រកួតអង្ករល្អផ្តាច់គេលើពិភពលោក (World Best Rice) នៅក្នុងកម្មវិធីសន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៤ នាទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយ វិទ្យាស្ថានគ្រាប់ធញ្ញជាតិអន្តរជាតិ ឬ International Commodity Institute (ICI) និង The Rice Trader (TRT) របស់សហរដ្ឋអាម៉េរិក ដោយមានអ្នកចូលរួមប្រមាណ ៤០០នាក់មកពីប្រទេសដែលផលិតស្រូវអង្ករនៅជុំវិញពិភពលោក។

ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាសមាជិកទ្រទ្រង់ នៃសមាគមឧកញ៉ាកម្ពុជា បានថ្លែងទាំងក្តីរំភើបប្រកបដោយមោទនភាពដែលបាននាំនូវកិត្តិយសនៃពានអង្ករល្អជាងគេលើពិភពលោកជូនដល់ប្រទេសជាតិ និងបានថ្លែងអំណរគុណដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានខិតខំស្រាវជ្រាវ និងបញ្ចេញនូវពូជល្អៗ ព្រមទាំងប្រជាកសិករកម្ពុជាដែលបានខិតខំធ្វើការងារបានយ៉ាងល្អក្នុងការដាំដុះ និងរោងម៉ាស៊ីនកិនស្រូវដែលបានខិតខំសម្រិតសម្រាំងនិងកិនកែច្នៃអង្ករបានយ៉ាងល្អរហូតទទួលបានជ័យជម្នះជូនប្រទេសជាតិ ខណៈដែលអង្ករម៉ាក “ម្លិះអង្គរ” ជាអង្ករដែលមានគុណភាព និងទុកចិត្តបានសម្រាប់អង្ករក្រអូបប្រណីតកម្ពុជា។

គួរបញ្ជាក់ថា ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអង្ករចំនួន ៥០៧ ០២៩ តោន គិតជាទឹកប្រាក់បានចំនួន ៣៧៦.៦៣លានដុល្លារសហរដ្ឋអាម៉េរិក។ ការនាំចេញអង្ករនេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុននាំចេញចំនួន ៥៥ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៦ ក្នុងនោះដែរប្រភេទអង្ករដែលកម្ពុជាបាននាំចេញមានដូចជា អង្ករប្រអូបគ្រប់ប្រភេទ ៧៣.២១% អង្ករសគ្រាប់វែង ២១.៧១% អង្ករចំហុយ ៣.០៤% អង្ករសរីរាង្គ ១.៧៤% និងអង្ករផ្សេងៗទៀត ០.៣០%៕